ខេត្តបន្ទាយមានជ័យ៖លោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសកាត់ខ្សែបូណ៍ឆ្លងបង្កាន់ដៃនាគចូលព្រះវិហារនិងពិធីប្រគេន ព្រះរាជប្រកាស សនីយបត្រ ប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូ កោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ និងព្រះមន្ត្រីសង្ឃព្រះចៅអធិការវត្ត ក្នុងស្រុកអូរជ្រៅ ស្ថិតនៅក្នុងវត្តពោធិ៍សុរិយារាម ឃុំកូប ស្រុកអូរជ្រៅ។
បន្ទាប់ពីព្រះតេជគុណ ឌឹម ស៊ីយ៉េត បានឡើងប្រកាសព្រះរាជ ប្រកាសនីយបត្រ ប្រកាសតែងតាំង និងប្រគល់ប្រគេន ដល់ព្រះ មន្ត្រីសង្ឃស្រុក រួចមក ។ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត បានមាន សង្ឃដីកាថា សាសនាព្រះពុទ្ធ ជាប្រភព ផ្តល់នូវគុណតម្លៃ ដ៏សំខាន់ ដែលមានឥទ្ធិពល ដល់របបនយោបាយច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ហើយការប្រតិបត្តិ ខាងសាសនា នៅក្នុង សង្គមនីមួយៗ តែងមានជាប់ទាក់ទងគ្នា ជាមួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ផងដែរ។ ដែលនេះជា អត្តសញ្ញាណ និង គុណតម្លៃ រួមដឹកនាំជីវិត របស់មនុស្សក្នុងសង្គម ធ្វើអោយផ្នត់គំនិតឥរិយាបថ សកម្មភាព មនុស្សមានភាពសមរម្យ មានលក្ខណៈយោគយល់ អធ្យាស្រ័យគ្នា អាចរស់ជាមួយគ្នាប្រកបដោយ សុខដុមរមនាក្នុងសង្គមជាតិ។
ព្រះឧត្តមសីលញាណ ធុល សុធា បានមានសង្ឃដីការ បន្តថា ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវអភិក្រម ស៣ សម្រាប់គ្រប់គ្រងវត្តអារាមទូទាំងប្រទេសសម្រាប់អនុវត្តហើយមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្ដីណែនាំបន្ថែម អោយវត្តអារាមធ្វើស្លាកសញ្ញាសម្រាប់ការផ្សព្វផ្សាយជាសាធារណៈផងដែរ ក្នុងនោះគឺ ស១ វត្តស្អាត បរិស្ថានស្អាតអនាម័យល្អសំណង់មានរបៀបរៀបរយជា រមណីយដ្ឋានសាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ ស២ វត្តស្វាង ជាទីកន្លែងផ្តល់នូវចំណេះ ការអប់រំដឹងតាមរយៈ ជាកន្លែងដុះខាត់ចិត្តបណ្ដុះបញ្ញាស្មារតី អោយស្គាល់ គុណធម៌ សីលធម៌ សុជីវធម៌ចូលមកងងឹត ទៅវិញភ្លឺ ស៣ វត្តស្ងប់ជា កន្លែងគ្មាន អធិករណ៍ គ្មានជម្លោះជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្តបន្ទោបង់ អ្នូវកិលេស ធ្វើអោយចិត្តស្ងប់ប្រាសចាកនូវគ្រឿង ពន្ធកិច្ចនានា ដែលជាគ្រឿងជាប់ជំពាក់។
លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្តបានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព តាមរយៈការអនុវត្តនូវគោលនយោបាយឈ្នះឈ្នះបានធ្វើឲ្យប្រទេសជាតិមានឯកភាពជាតិឯកភាពទឹកដីទាំងស្រុង មានស្ថិរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាយ៉ាងមុតគត់ ក្នុងរយៈពេលជាងម្ភៃប្រាំមួយឆ្នាំកន្លងទៅនេះ។ កត្តានេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំនិងជាកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្នុងនោះ វិស័យសាសនា ក៏មានការរីកចម្រើនគួរឲ្យ ទាំងបរិមាណនិងគុណភាព។ លោកលីសុវណ្ណារិទ្ធបានបន្តថា តាមរយៈអភិក្រម ស៣ ដែលក្រសួងធម្មការនិងសាសនាបានដាក់ចេញនេះ សង្ឃឹមថាគណៈគ្រប់គ្រងវត្តអារាមទាំងអស់នឹងខិតខំបង្កើតនូវវិធីសាស្ត្រ និងបន្ត យន្តការថ្មីៗ សម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកនាំ ពង្រឹងពង្រីកសាមគ្គីធម៍ និងការអភិវឌ្ឍប្រកបដោយចិរភាព។ បញ្ចប់នៃកម្មវិធីគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយស ដល់ព្រះ មន្ត្រីសង្ឃនិងពិធីស្រោចស្រពសុគន្ធារីនិងរាប់បាត្រព្រះសង្ឃផងដែរ៕