ប៉ៃលិន ៖ ខេត្តប៉ៃលិនបានក្លាយជាខេត្តទី១៦ បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF ដែលប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ជនបទនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍អបអរសាទរចំពោះជ័យលាភី និងបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់ចក្ខុវិស័យលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង ឬខេត្តទទួលបាន ODF គឺជាខេត្តដែលមានប្រជាជនគ្រប់ខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ដោយមានខ្នងផ្ទះភាគតិចបំផុតប្រើប្រាស់បង្គន់រួមគ្នា ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ជោគជ័យដ៏ធំធេងលើការងារលើកកកម្ពស់អនាម័យជនបទនាពេលនេះ កើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា អង្គការដៃគូនានា និងអង្គភាពពាក់ព័ន្ធពិសេសដោយមានការគាំទ្រពី ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ ធ្វើឱ្យមានការអភិវឌ្ឍលើវិស័យអភិវឌ្ឍន៍ជនបទ ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជនបទ ការផ្តល់ជូនការងារមុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការ លើកកម្ពស់សុខភាពសាធារណៈ ដើម្បីឈានទៅសម្រេចបាននូវទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល។
សមិទ្ធផលនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តប៉ៃលិននាពេលនេះ គឺពិតជាបានចូលរួម ចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅខេត្ត ដែលបង្កើនលទ្ធភាពក្នុងការទទួល បាននូវប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដោយហេតុថា បើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឱ្យកើតជំងឺឆ្លង ជាហេតុនាំឱ្យប៉ះពាល់ដល់សុខភាពទាំងរូបរាងកាយ និងសតិ បញ្ញា ស្មារតី ពិសេសធ្វើឱ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។
ស្ថានភាពនៃការបញ្ចប់ការ បន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តប៉ៃលិន គឺជាមោទនភាពធំធេងណាស់សម្រាប់រដ្ឋបាលខេត្ត ក៏ ដូចជាប្រជាពលរដ្ឋខេត្តប៉ៃលិនទាំងមូល។
សូមជម្រាបជូនផងដែរថា៖ គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៦ហើយ ដែលសម្រេចបានជារាជធានី–ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ខេត្តស្ទឹងត្រែង កំពង់ធំ និងខេត្តប៉ៃលិន៕