បន្ទាយមានជ័យ៖ គ្រាន់តែរឿងដុតសំរាមហុយផ្សែង ដៀមដាមវាយគ្នា ម្ខាងប៉ោងភ្នែកទៅពេទ្យ ម្ខាងទៀត សមត្ថកិច្ចចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់សាសាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អនុវត្តតាមច្បាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ ឈ្មោះម៉ាក ទិត្យ ភេទប្រុស អាយុ៣៩ឆ្នាំ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៨និង00នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សំ ប៊ុនណាត ភេទប្រុស អាយុ៤៧ឆ្នាំ ដែលបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសហើម និងជាំភ្នែកខាងឆ្វេង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតមែន ដោយសារជនរងគ្រោះនិយាយដៀមដាមមកលើខ្លួន រឿងដុតសំរាម ហើយក៏បានប្រតាយប្រតប់គ្នាហើយជនរងគ្រោះដួលទៅលើដីបណ្តាលឱ្យរងរបួសតែម្តង។ ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបន្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី៕