ខេត្តកណ្ដាល៖ចាប់តាំងពីឆ្នាំ២០០២ ការងារអត្រានុកូលដ្ឋាន ត្រូវបានដាក់ឲ្យដំណើរការអនុវត្តតាមគំរូថ្មីទូទាំងប្រទេស ។ ពេលនេះខេត្តកណ្តាល ក៏ដូចជារាជធានី ខេត្តដទៃ ទៀតដែរក្រសួងមហាផ្ទៃ បានបណ្តុះបណ្តាលពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋានដល់មន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ដើម្បីឲ្យអនុវត្តការចុះបញ្ជីអត្រានុកូលដ្ឋានបាន ត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានដែលមានជាធរមាន ។ក្នុងឆ្នាំ២០០៤ រាជរដ្ឋាភិបាល បានបើកយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានដល់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដូច្នេះដើម្បីឲ្យមន្ត្រី អត្រានុកូលដ្ឋានអនុវត្ត បានត្រឹមត្រូវទៅតាមនីតិវិធី គណៈកម្មាធិការគាំទ្រឃុំ សង្កាត់ បានបណ្តុះ បណ្ដាលដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងក្រុមការងារចុះបញ្ជីអត្រានុកូលដ្ឋាន ចល័តក្នុងខេត្តកណ្ដាលផងដែរ។ការលើកឡើងរបស់លោក ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល បែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ជូនដល់រដ្ឋបាលក្រុង –ស្រុក រដ្ឋបាលឃុំ–សង្កាត់ នៅសាលាខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។
អភិបាលរងខេត្តកណ្ដាល បន្តថា៖ ដោយមានការវិវត្តថ្មីៗ នៃក្របខណ្ឌច្បាប់ និងលិខិត បទដ្ឋាន គតិយុត្តពាក់ព័ន្ធនានា ជាពិសេស ក្រមរដ្ឋប្បវេណី នៅចុងឆ្នាំ២០១២ ក្រសួងមហាផ្ទៃ បានធ្វើការ បណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានដល់ខេត្តគោលដៅ ក្នុងនោះក៏មានខេត្តកណ្ដាលផងដែរ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាសាស្ត្រខេត្តត្រូវបានចាត់ទុកជាខេត្តគោលដៅ ដើម្បីជ្រើសរើស ក្នុងការដាក់ឲ្យអនុវត្តសៀវភៅ ស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និង មរណភាព របស់មេភូមិ ហើយមេភូមិ មេឃុំ ស្មៀន និងមន្ត្រីថ្នាក់ស្រុក សុទ្ធតែត្រូវបានបណ្តុះបណ្តាលពីរបៀបប្រើប្រាស់សៀវភៅនេះម្ដងរួចមកហើយ ប៉ុន្តែក៏មិនអាចបំពេញចន្លោះខ្វះខាតក្នុងកិច្ចការ អត្រានុកូលដ្ឋានបានដែរ ដោយសារមេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ មានការផ្លាស់ប្តូរទីកន្លែងបំពេញការងារ ។
លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា៖ ការងារអត្រានុកូលដ្ឋាន គឺជាការងារដ៏សំខាន់ចាំបាច់ ដែលផ្តល់នូវឯកសារគតិយុត្តជូនប្រជាពលរដ្ឋទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព ឯកសារគតិយុត្តនេះ គឺជាភស្តុតាងដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗ សម្រាប់បញ្ជាក់ពីអត្តសញ្ញាណ និងស្ថានភាពស៊ីវិលរបស់ប្រជាពលរដ្ឋម្នាកៗ ក្នុងសង្គម និងគ្រួសាររបស់ខ្លួន ឯកសារអត្រានុកូលដ្ឋាននេះគឺបានរួមចំណែកក្នុងការការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ដូចជាសំបុត្រកំណើត ជាឯកសារគតិយុត្តិគ្រឹះសម្រាប់ទារកម្នាក់ៗ ដែលកើតមកភ្លាម ទទួលបានឈ្មោះមួយ និងសញ្ជាតិមួយពីកំណើត ព្រមទាំងទទួលបាននូវសិទ្ធិ និងការគាំពារនានាពីសង្គម ចំណែកសំបុត្រអាពាហ៍ពិពាហ៍ ជាឯកសារដែលបញ្ជាក់ពីទំនាក់ទំនងរវាងប្ដី–ប្រពន្ធដែលច្បាប់បានទទួលស្គាល់ជាផ្លូវការផងដែរ៕