បន្ទាយមានជ័យ៖ អាជ្ញាធរព្រមានចាត់វិធានការក្តៅ លើការស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ យកផ្លូវថ្មើរជើងចតរថយន្តម៉ូតូ ផាសអាប់ បង្កការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដែលចុះអប់រំណែនាំនៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤ នៅបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចសណ្ឋាគារស៊ីធី ទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា៖ ជាការណែនាំរបស់លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពក្រុង បានឲ្យកម្លាំងអាជ្ញាធរក្រុងសង្កាត់ រួមទាំងកងកម្លាំងនគរបាល កងរាជអាវុធហត្ថចុះធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ អ្នករត់តាក់ស៊ី ម៉ូតូកង់បី(ផាស់អាប់) មិនឲ្យមានលក់ដូរ ចតរថយន្ត ម៉ូតូកង់បី យាន្តជំនិះគ្រប់ប្រភេទ នៅលើផ្លូវសាធារណៈ ឬនៅលើផ្លូវថ្មើរជើងសំរាប់ភ្ញៀវទេសចរណ៍ដើរចេញ–ចូល។
លោក វ៉ា ជឹមណារ៉េត បញ្ជាក់ថា៖ បន្ទាប់ពីអាជ្ញាធរធ្វើការសម្របសម្រួលឲ្យប្រជាពលរដ្ឋរុះរើសំយ៉ាបផ្ទះ តូប រហូតអាជ្ញាធរបានចាក់បេតុងធ្វើជាផ្លូវថ្មើជើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មកទល់ផ្លូវចូលសណ្ឋាគារស៊ីធីប្រវែងជិត១គីឡូម៉ែត្រ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋជួយសហការ កុំយកផ្លូវថ្មើរជើងចតយាន្តជំនៈ ដែលទុកសំរាប់ភ្ញៀវប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង ដែលធ្វើឲ្យបាត់បង់សោភ័ណភាព ខូចសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់មុខមាត់ប្រទេស ដែលយើងមានច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានភ្ញៀវជាតិ និងអន្តរជាតិចេញ–ចូលជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ លោក វ៉ា ជឹមណារ៉ែត បានព្រមានខ្លាំងៗចំពោះកាស៊ីណូយីហោ ជី៩៩ ដែលយកផ្លូវសាធារណៈ ដាក់ចតម៉ូតូឡានភ្ញៀវដែលចូលលេងកាស៊ីណូរបស់ខ្លួន ធ្វើឲ្យមានភាពរញ៉េរញ៉ៃ បង្កការលំបាកដល់ក្រុមការងារធ្វើអនាម័យបរិស្ថានប្រចាំថ្ងៃ មិនអាចចូលសំអាតទឹកដក់ទឹកមានភក់ជ្រាំ ប៉ះពាល់នូវមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទុកពេលឲ្យ២ថ្ងៃ បើនៅតែមិនស្តាប់ទេ និងយករថយន្តមកស្ទូច អនុវត្តច្បាប់៕(ប៉ោយប៉ែត)