(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងបី ដើម្បីចូលរួមកិច្ចប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ ឧត្តមនាវាត្រី វិថាក់វ៉ាត់ សុផាក់កាន នាយសេនាធិការ កងបញ្ជាការការពារព្រំដែនច័ន្ទបុរី–ត្រាត ជាសហប្រធាន(ភាគីថៃ) នៃអង្គប្រជុំរួម។
កិច្ចប្រជុំក្រុមលេខា គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងយោធភូមិភាគទី៥ កងទ័ពជើងគោក ជាមួយនឹង កងបញ្ជាការ ការពារព្រំដែន ច័ន្ទបុរី–ត្រាត ដើម្បីពិភាក្សាឯកភាពគ្នា ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី១ (RBC-1) ធ្វើការសម្រេច ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ដោយបានធ្វើឡើង នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយក នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធទាំង៥ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឡង់ដ៏ រួមមាន៖ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ ខេត្តត្រាត និងខេត្តច័ន្ទបុរី ។
សម្រាប់កិច្ចប្រជុំក្រុមលេខា គណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា–ថៃនេះ គឺដើម្បីពិភាក្សាលើកកម្ពស់វិស័យសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា–ថៃ ឱ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម ក្នុងការកែសម្រួល ការអភិវឌ្ឍន៍លើវិស័យផ្សេងៗ និងការរិតចំណងសម្ព័ន្ធមេត្រីភាព រវាងស្ថាប័នកងទ័ព ស្ថាប័នស៊ីវិល នៅតាមបន្ទាត់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ដែលជាគុណប្រយោជន៍ សម្រាប់ប្រជាជនរស់នៅតាមបន្ទាត់ព្រំដែន កម្ពុជា–ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រវាងយោធភូមិភាគទី៥ ជាមួយនឹងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត។
ជាមួយគ្នានោះ កិច្ចប្រជុំនេះ គឺសម្រាប់ដាក់ជូន សហប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា–ថៃ លើកទី១ (RBC-1) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩–៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រេច ក្រោមអធិបតីភាព ឯកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ភាគីកម្ពុជា និងឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការ កងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត ភាគីថៃ នៅសាលប្រជុំសណ្ឋាគារ New Travel Lodge ខេត្តច័ន្ទបុរី ដដែល។
សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំលើកទី១នេះ ជាការអនុវត្តន៍តាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC-១៥) លើកទី១៥ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៏ ដែលកិច្ចប្រជុំបានឯកភាព ឱ្យមានការប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគ រវាងកងបញ្ជាការការពារព្រំដែន ច័ន្ទបុរី–ត្រាត ជាមួយយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានការពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យយោធា សន្តិសុខ និងវិស័យផ្សេងៗទៀត ឱ្យកាន់តែល្អទ្វេឡើង ដោះស្រាយនូវរាល់បញ្ហាតាមតំបន់ព្រំដែនរួមគ្នាឱ្យបានឆាប់រហ័ស ព្រមទាំងជំរុញគោលនយោបាយ ការដោះស្រាយបញ្ហាតាមព្រំដែន ឆ្ពោះទៅរកប្រក្រតីភាពប្រសើរឡើង ដោយត្រូវរៀបចំកម្មវិធីប្រជុំប្តូរវេនគ្នា ក្នុង១ឆ្នាំម្តង ធ្វើជាម្ចាស់ផ្ទះ៕