ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញពិនិត្យមើលការសម្របសម្រួលរបស់មន្ត្រីជំនាញដោយការយកចិត្តទុកដាក់ខ្ពស់ ជូនដល់បងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃ បានវិលត្រលប់ចូលមកកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឈមនឹងច្រកបានផាកាត ស្ថិតក្នុងភូមិបានផាកាត ឃុំខ្លងយ៉ៃ ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាការឆ្លើយតបតាមសំណូមពររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្របសម្រួលដល់ការវិលត្រឡប់មកស្រុកកំណើតរបស់ពលរដ្ឋកម្ពុជាអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋាភិបាលថៃតាមរយៈក្រសួងមហាផ្ទៃថៃ បានអនុញ្ញាតលើកលែងតម្លៃសេវាអនុញ្ញាតិចេញ–ចូល (Re-Entry Pemit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា៖ ការលើកលែងតម្លៃសេវានេះ គឺសម្រាប់ពលករកម្ពុជាដែលមានលិខិតឆ្លងដែន និងលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD) និងមានទិដ្ឋាការការងារ (Nom-immigration L-A Visa ដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ រួមទាំងកូនមានអាយុក្រោម ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
ក្រោមការទទួលខុសត្រូវខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាល លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័ននានា ដែលបានឈរជើងនៅច្រកទ្វារព្រំដែនអន្តរជាតិ ទាំងកម្ពុជា និងថៃ ដើម្បីសម្របសម្រួលនូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ និងភ្ញៀវជាតិ+អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ព្រំដែន និងការធ្វើពាណិជ្ជកម្មទៅវិញទៅមក ។
សូមបញ្ជាក់ថា៖ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ពលករធ្វើដំណើរ ចេញ–ចូល តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន ៤១៥៥នាក់ ស្រី ២០០១នាក់ កុមារ ១៤នាក់ ដោយក្នុងនោះ ធ្វើដំណើរចូល ចំនួន ២១៣១នាក់ ស្រី ១០១៤នាក់ កុមារ ១៤នាក់ និងធ្វើដំណើរចេញ ២០២៤នាក់ ស្រី ៩៨៧នាក់ ៕