(បន្ទាយមានជ័យ) លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការ នាយសេនាធិការ យោធភូមិភាគទី៥ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញអមដំណើរ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បានដឹកនាំគណៈប្រតិភូអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាថ្ងៃខាងមុខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងបាននាំយកអំណោយរួមមាន ឱសថ សម្ភារ បរិក្ខាពេទ្យ គ្រឿងឧបភោគបរិភោគ ចែកជូនដល់ដៃកងទ័ព នៃកងពលតូចថ្មើរជើងលេខ៥១ ។ពិធីនេះប្រព្រឹត្តទៅ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពល បានសម្ដែងនូវមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត គណៈប្រតិភូ ដែលតែងតែយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា ដែលសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការអាណិតស្រលាញ់ ការយកចិត្តទុកដាក់ ការរួមសុខរួមទុក្ខ ការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។
លោកមេបញ្ជាការកងពល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត ព្រមទាំងប្រតិភូអមដំណើរ ដែលបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រ ដល់អង្គភាពយើងខ្ញុំនាឱកាសនេះ និងសូមគោរពជូនពរ ឯកឧត្តម អធិបតី គណៈអធិបតី ភ្ញៀវកិត្តិយស ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងសុខាភិបាល និងក្រុមហ៊ុនសុខាអូតែលរីសត បាននាំយកអំណោយ ចែកជូនដល់កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ រួមមាន ៖ គ្រឿងឧបភោគ បរិភោគចំនួន ១៣មុខ ឱសថ សម្ភារ បរិក្ខាពេទ្យ ចំនួន ៤១មុខ ថវិកាជូនអង្គភាពចំនួន ២០.០០០.០០០រៀល យោធិនចំនួន៥៥០នាក់ទទួលម្នាក់ៗ៤០០០០រៀល និងគ្រួសារយោធិន ១០០នាក់ ទទួលបាន៤០០០០រៀល និងសារ៉ុងចំនួន១ផងដែរ៕