បន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យចុះពិនិត្យជាតិអាល់កុល អាវុធគ្រឿងផ្ទុះ បង្ការទប់ស្កាត់សកម្មភាពក្មេងទំនើង និងបទល្មើសផ្សេងៗនៅពេលយប់ ចាប់ពីម៉ោង១១.៣០នាទីយប់ មកទល់និងម៉ោង៦ភ្លឺ ឈានចូលថ្ងៃទី១៧ខែ មីនា ឆ្នាំ២០២៤ នៅគោលដៅសំខាន់ៗ នៅក្នុងភូមិសាស្ត្រស្រុក/ក្រុងទាំង៩ ក្នុងខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរងនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជាណែនាំ និងបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទាំង៩ស្រុក/ក្រុងក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ គឺបើកយុទ្ធនាការ ចុះពិនិត្យជាតិអាល់កុល អាវុធគ្រឿងផ្ទុះ បង្ការទប់ស្កាត់សកម្មភាពក្មេងទំនើង ស្វែងរកបទល្មើសផ្សេងៗនៅពេយប់។
លោក ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា ការបើកយុទ្ធនាការពិនិត្យជាតិអាល់កុល អាវុធគ្រឿងផ្ទុះ បង្ការទប់ស្កាត់សកម្មក្មេងទំនើង និងបទល្មើសផ្សេងៗនៅពេលយប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ ដែលផ្តើមចេញពីសារធាតុស្រវឹង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស បំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន ព្រទ្យសម្បត្តិសាធារណៈ ទប់ស្កាត់សកម្មភាពក្មេងទំនើង ដែលអុកឡុករំខានប្រជាពលរដ្ឋ និងបទល្មើសផ្សេងៗ ធានាបានសុវត្ថិភាព សន្តិសុខ របៀបរៀបរយសង្គម និងភាពសុខសាន្ត ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា យុទ្ធនាការកម្លាំងគណៈបញ្ជាការស្រុក/ក្រុង នៃខេត្តបន្ទាយមានជ័យនេះ នឹងបន្តចុះធ្វើដូចភ្លៀងរលឹម ដោយមានការផ្លាស់ប្តូរទីតាំងត្រួតពិនិត្យ នៅតាមភូមិសាស្ត្រដែលចាំបាច់ក៏ដូចជានៅលើដងផ្លូវ ដែលមានការធ្វើចរាចរណ៍ច្រើន ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងស្វែងរកបទល្មើសផ្សេងៗទៀត៕