(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះជាមេការសំណង់ ស្តីពីករណីចោរលួចខ្សែស្ពាន់ម៉ាស៊ីនត្រជាក់ និងខ្សែភ្លើង ប្រព្រឹត្តនៅអគារម្តុំចុងស្រល់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ស្រ៊ាន ស្រ៊ី (ជ្រូក) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ចំនួន០១គ្រឿង , ២.កូនកាំបិត ដងពណ៌ខៀវ ប្រវែង២៤សង់ទីម៉ែត្រ ចំនួន០១ដើម,៣.ខ្សែភ្លើងមួយចំនួន (ប្រគល់ជូនជនរងគ្រោះវិញ), ៤.ទុយោស្ពាន់ម៉ាស៊ីនត្រជាក់មួយចំនួន (ប្រគល់ជូនជនរងគ្រោះវិញ)។ ហើយនាំខ្លួនជនសង្ស័យទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយ ដើម្បីសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផល វិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងពិតប្រាកដមែន រួចកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕