ខេត្តបន្ទាយមានជ័យ៖លោក យឹម សំណាង អភិបាលរង ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការទប់ស្កាត់ ការកសាងម៉ុង ចេតិយប្រាង្គ នៅតាមតំបន់ភ្នំដែលមានវត្តអារាម ឬអាស្រមទូទាំងខេត្ត ដោយមានការនិមន្តចូលរួមពីព្រះមន្រ្តីសង្ឃខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ។
ព្រះមន្រ្តីសង្ឃ អស់លោក លោកស្រី បានមានសង្ឃដីកា និងលើកឡើងថា ជាការពិតតាមវត្តអារាមនានា ក៍ដូចជាវត្តអារាមលើភ្នំក្បែរភ្នំ ឃើញថា មានសំណង់ជាច្រើនដូចជា ម៉ុង ចេតិយ ប្រាង្គ សង់ពេញទីធ្លាវត្តបណ្តាលឲ្យមានភាពចង្អៀត ពិសេសតំបន់ភ្នំដែលយើងចាត់ទុកជាបេតិកភណ្ឌធម្មជាតិ និងតំបន់ការពារទេសភាពធម្មជាតិ ហើយទីវត្តអារាមទាំងអស់ពុំសូវបានគិតគូរពីផលប៉ះពាល់អ្វីនោះទេ ពិសេសបញ្ហបរិស្ថាន។
លោក យឹម សំណាង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ឲ្យគ្រប់ទីវត្តអារាមទូទាំងប្រទេស ធ្វើការប្រកួតប្រជែងរយៈកន្លងមកឃើញថា វត្តប្រាសាទស្រះកណ្តាលខ្ជាស់ទទួលបានចំណាត់ថ្នាក់លេខ ១ ហើយថ្មីៗនេះ ក្នុងវត្តស្រះរាំង ស្រុកមង្គលបូរី មានកិត្តិយសទទួលបណ័្ឌជ័យលាភី និង បណ័្ឌសរសើរថ្នាក់ជាតិ សម្រាប់អារាម ស្អាត អារាមបៃតង ក្នុងការប្រឡងប្រណាំងមេត្រីបរិស្ថាន ដែលនេះគឺជាការខិតខំប្រឹងប្រែង របស់ព្រះសង្ឃ អាចារ្យគណកម្មការព្រមទាំងពុទ្ធបរិស័ទ ដែលបានលះបង់ខ្ពស់ ក្នុងការដឹកនាំទីវត្តអារាមរហូតទទួលបានលទ្ធផលជាទីមោទនៈ។
លោក យឹម សំណាង បន្តថា វត្តអារាមទាំងអស់ត្រូវតែមានភាពបៃតងស្រស់ស្អាត ដើម្បីឲ្យក្លាយជារមណីយដ្ឋានធម្មជាតិ សាសនា វត្តអារាមទាំងអស់ ត្រូវមានកន្លែងទូរលាយ សម្រាប់ធ្វើពិធីបុណ្យផេ្សងៗ និងត្រូវគិតគូរ គិតពិចារណាលើការសាងសង់សំណង់ផេ្សងៗ ដូចជា ម៉ុង ចេតិយ ប្រាង្គ សាងសង់ត្រូវមានប្លង់មេច្បាស់លាស់ មានច្បាប់ លិខិតស្នាមត្រឹមត្រូវ និយាយរួមចាប់ពីពេលនេះតទៅ សូមឲ្យគណសង្ឃវត្ត ពិសេសវត្តនៅលើភ្នំ ឬជើងភ្នំ សុំជួយការពារ តំបន់ភ្នំឲ្យមានសណ្តាប់ធ្នាប់ល្អ មិនអនុញ្ញាតឲ្យមានការសាងសង់បន្ថែមទៀតឡើយ៕