ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តយស ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីវិធីសាស្ត្រស្រាវជ្រាវរឿងក្តី និងបំបែករឿងក្តីព្រហ្មទណ្ឌដោយនគរបាលយុត្តិធម៌ ដល់និសិ្សត នៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) នៅសាលាខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្នងការរង៩រូប នាយការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុក នាយប៉ុស្តិ៍ទាំង៦៧ លោកបណ្ឌិត ណង ថា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សាមណៈនិស្សិត និស្សិតប្រុស/ស្រី ជាង៦៨៣នាក់នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះឡើង គឺដើម្បីការចែករំលែកនូវទស្សនាទានថ្មីៗ ទាំងទ្រឹស្តីច្បាប់ បទពិសោធន៍ល្អៗ និងការអនុវត្តល្អៗ ដែលវាគ្មិននៃសិក្ខាសាលានេះ បានអនុវត្តន៍ជាក់ស្តែងកន្លងមក។ ការចែករំលែកចំណេះដឹងនិងបទពិសោធន៍នេះ គឺជាវប្បធម៌មួយដ៏ល្អដែលជំរុញឱ្យ និស្សិតដែលកំពុង សិក្សាជំនាញនីតិសាស្ត្រ ងាយយល់អំពីចំនុចគន្លឹះមួយចំនួន យកទៅសិក្សាស្រាវជ្រាវ និងអនុវត្តន៍ជាក់ស្តែង ក្នុងអាជីពអ្នកច្បាប់៕