ភ្នំពេញ៖ ឯកឧត្ដម អ៊ិត ដារ៉ា អនុរដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពអេដស៍ឆ្នាំ២០២៣–២០២៨ ក្រោមប្រធានបទ«រួមគ្នាកសាងកម្ពុជាមួយដែលគ្មានអេដស៍»។សិក្ខាសាលានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ ខុទ្ទកាល័យរដ្ឋមន្រ្តី ជំនួយការថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសរុប ប្រមាណ ១០២នាក់។
សិក្ខាសាលាផ្សព្វផ្សាយនេះគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសិក្សាស្វែងយល់ និងការចូលរួមជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការបង្ការ ការប្រយុទ្ធទប់ស្កាត់និងការបញ្ចប់ការរីករាលដាលមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ឱ្យស្របទៅតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣–២០២៨ របស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យធានាថា ប្រទេសកម្ពុជាជាប្រទេសមួយដែលគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងជំងឺអេដស៍ ព្រមទាំងធានាថា ប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ និងរស់នៅប្រកបដោយសុខុមាភាព គ្មានការភ័យខ្លាចដោយសារជំងឺអេដស៍។
លើសពីនេះ សិក្ខាសាលាក៏បានផ្តល់ជាចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗ ល្អៗបន្ថែមទៀត ពីមេរោគអេដស៍និងជំងឺអេដស៍ ការចម្លងមេរោគអេដស៍ វិធីសាស្ត្របង្ការមេរោគអេដស៍ និងការព្យាបាលជំងឺអេដស៍ ដែលទាំងនេះជាការយល់ដឹងដ៏សំខាន់ ក៏ដូចជាការចូលរួមរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លើការលើកកម្ពស់ការកាត់បន្ថយការចម្លងមេរោគអេដស៍ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងរាល់ទម្រង់រើសអើង និងមាក់ងាយលើអ្នកផ្ទុកមេរោគអេដស៍និងជំងឺអេដស៍៕