ខេត្តកំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ ហើយបំពេញការងារ ក្នុងជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាព។ ឯកឧត្តមអភិបាលខេត្តថ្លែងបែបនេះក្នុងឱកាសបើកមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់តម្លៃជាអាទិភាពខ្ពស់ ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀត របស់រាជរដ្ឋាភិបាល រួមមានវិស័យអប់រំ និងសុខាភិបាល៕