រាជធានីភ្នំពេញ៖នាវិមាន ៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ សមាជិកគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា (ក.ស.ព.) បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាលលើកទី៤ ស្តីពី “បច្ចេកទេសក្នុងការប្រើប្រាស់បណ្តាញសង្គម” ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងសមាជិក នៃក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារស្នូល នៃក្រុមការងារសម្របសម្រួលព័ត៌មាន ចំណុះរចនាសម្ព័ន្ធក្រសួង ស្ថាប័ន, ចំណុះរចនាសម្ព័ន្ធផ្នែកក្រៅប្រទេស, ចំណុះរចនាសម្ព័ន្ធរាជធានី ខេត្ត និងក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេសនិងទ្វីប ដែលមានសរុបអ្នកចូលរួមប្រមាណជិត ៨០០នាក់។ ចំពោះវគ្គបណ្តុះបណ្តាលដែលរៀបចំនាថ្ងៃនេះ គឺជាការរៀបចំលើកទី៤ បន្ទាប់ពីក្រុមការងារសម្របសម្រួលព័ត៌មាន នៃយុវជនគណបក្សប្រជាជនកម្ពុជា(ក.ស.ព.) បានរៀបចំចំនួន ៣លើករួចមកហើយជូនដល់យុវជនបង្គោលទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គម នៃក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ផ្នែកទាំង១៦ នៃយុវជនថ្នាក់កណ្តាល និងអង្គការចាត់តាំងយុវជននៅតាមបណ្តាប្រទេសនិងទ្វីប នាពេលកន្លងមក។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកម្លាំងព័ត៌មាននិងបណ្តាញទំនាក់ទំនងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការងារព័ត៌មាន និងផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសបានកាន់តែទូលំទូលាយបន្ថែមទៀត។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្រ្ទាវុធ មាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ជូនចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ ព្រមទាំងបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ពេលវេលា និងធនធានផ្ទាល់ខ្លូន ចូលរួមជាមួយគណបក្សលើការងារព័ត៌មាន និងផ្សព្វផ្សាយនាពេលកន្លងមក ក៏ដូចជាទៅអនាគត៕