(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន៦នាក់ ដែលបានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ របស់ជនរគ្រោះ បណ្តាលឱ្យដួលម៉ូតូ នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ រួចហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន យកម៉ូតូទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួននៅវេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីទទួលបានពាក់បណ្តឹង ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ យឿម តាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ វង់ សិលា(យក្ស ) ភេទប្រុស អាយុ ១៩ឆ្នាំ, ៦.ឈ្មោះ ឡង់ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀមរាប 1AF-1067 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង, ៣.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ចំនួន០១គ្រឿង។ និងបានធ្វើតេស្តទឹកនោមមានសារធាតុញៀនចំនួន០៥នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានពាក់ព័ន្ធលើករណី លួចស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕