ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំអភិបាល នៃគណៈអភិបាល ខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ខេត្តប៉ៃលិន កំពុងសហការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាពត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា៖ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន អោយបានអធិកអាធមសម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញ ចំណាប់ អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តយើង អោយបានច្រើន កុះករ ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ដូច្នេះរដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំងទាំង៣ប្រភេទ នឹងសហការគ្នាជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈ អោយមានសោភ័ណ្ឌភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាអោយបានស្អាត ដូចជា៖ រមណីយដ្ឋានបតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ បរិវេណវិមានឯករាជ្យខេត្ត និងដងស្ទឹងប៉ៃលិន ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញ មានស្ថិរភាពរឹងមាំ កិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈល្អ ទើបយើងមានឱកាសរៀបចំកម្មវិធីបុណ្យទៀននានា ដើម្បីបង្កបរិយាកាស សប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋ និងសុខដុមរមនា។
គួរបញ្ជាក់ថា៖ សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់នេះ សង្ក្រាន្តនឹងចូលមកនៅថ្ងៃ ចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៥ វេលាម៉ោង ៤៖៤៨នាទី ពេលនោះ ព្រះ អាទិត្យចេញពីមីនរាសី ទៅឋិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាលទើបមានទេវធីតាមួយ ព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ លឿង លម្អនៅព្រះកាណ៌ ដោយ សៀតផ្កាអង្គាបុស្ប អភរណទ្រង់ ពាក់ កែវមុតាភក្សាហារ ទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ឈើច្រត់ ទ្រង់ផ្ទំបិទព្រះនេត្រ លើខ្នងស្ដេចខ្លា ជាពាហនៈ ទើបនាំ អស់ទេវបុត្រ ទេវធីតា ទាំងមួយសែនកោដិហោះទៅកាន់ គុហាកែវធម្ម មាលី នាទីភ្នំកៃលាស ខេត្តហិមពាន្ត ជាទីតម្កល់ទុក នូវព្រះសិរសា កបិលមហាព្រហ្ម ដែលតម្កល់ លើ ពានមាស នាំមកដង្ហែប្រទក្សិណភ្នំ ព្រះសុមេរុរាជ តាមផ្លូវព្រះ អាទិត្យ ចរចំនួន ៦០នាទី បន្ទាប់មកទើបនាំ យកទៅតម្កល់នៅកន្លែងដើមវិញ ហើយប្រជុំទេវបុត្រ ទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញ ពីបំពង់ថ្មកែវ ជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្ត ព្រះរាជហឫទ័យ ហើយនាំគ្នាចូលទៅសមាទាន រក្សាសីល ដោយសោមនស្ស រីក រាយគ្រប់ព្រះអង្គ ក្នុងភគវតីសភាសាលា ដែលវិស្សកម្មទេវបុត្រ និមិ្មតថ្វាយ ដើម្បីបន្ទោបង់ អពមង្គល ឱ្យជ្រះស្រឡះ ហើយ ចម្រើននូវសិរីសួស្តី ជ័យមង្គល ជន្មាយុយឺនយូរដល់ទេវតា និង មនុស្ស សត្វ ផងទាំងឡាយតាំង ពីឆ្នាំថ្មី ចូលមកនេះ បានធូរទូលំទូ លាយ សុខក្សេមក្សាន្តតរៀងទៅ៕