បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមពិធីអញ្ជើញសំណេះសំណាល និងចុះសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដេន ប្រចាំទិសភូមិភាគ៥ នៅក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក លោកស្នងការ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង, ខេត្តប៉ៃលិន ,ខេត្តពោធិសាត់ , កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោល ចំនួន១០វរៈ និងលោក លោកស្រីមកពី បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយមានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ដូច្នេះកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្តឲ្យបានល្អ ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់នគរបាលកាពារបេតិភណ្ឌប្រាសាទបន្ទាយឆ្មាថវិកាចំនួន១លានរៀល, ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល។ ក្នុងនោះ ក៏មានសម្ភារៈស្បៀង និងភេសជ្ជៈ រួមមាន អង្ករចំនួន២,៣០០គីឡូក្រាម, មីចំនួន២៣កេសធំ, ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕