(ខេត្តឧត្តរមានជ័យ) នៅរសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ, ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស, ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព អញ្ជើញចូលរួមផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងឈរជើងការពារព្រំដែនទាំង ៤០កងឯកភាព ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៥ នេះ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត និងកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវីរភាពដ៏អង់អាចក្លាហាន និងឆន្ទៈមនសិកាស្នេហាជាតិ មាតុភូមិរបស់បង-ប្អូនរួមជាតិ ដែលជាកងកម្លាំងការពារព្រំដែនទាំងអស់ក្នុងការតស៊ូ និងលះបង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារសុខសន្តិភាព ស្ថិរភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចុះហត្ថលេខាលើក្រាំងមាស បំពាក់គ្រឿងឥស្សរិយយសជូនមេបញ្ជាការកងពលតូចចំនួន៥ ព្រមទាំងឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព ផងដែរ (ក្នុងនោះឧបត្ថម្ភទីបញ្ជាការ និងវរៈសេនាតូច ចំនួន ៣៥កងឯកភាព ដែលកងឯកភាពនីមួយៗទទួលបានថវិកា ១៥លានរៀល សរុបថវិកា ៥២៥លានរៀល និងឧបត្ថម្ភយោធាក្រុង/ស្រុកទាំង៥ ដែលអង្គភាពនីមួយៗទទួលបានថវិកា ៥លានរៀល សរុបថវិកា ២៥លានរៀល)៕