ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋក្រីក្រ ខ្វះស្បៀងអាហារ ពិការ ចាស់ជរា ចំនួន ២០គ្រួសារ ក្នុងសង្កាត់ទឹកថ្លា សង្កាត់ព្រះពន្លា និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវបានកាកបាទក្រហមកម្ពុជា សហការជាមួយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយមនុស្សធម៌ ផ្តល់ជូនដល់បងប្អូន តាមខ្នងផ្ទះ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។
នាឱកាសនោះលោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចជាការល សម្រេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនថាទីជិតឬឆ្ងាយក្តី។ លោកជំទាវ បានមានប្រសាសន៍បន្តថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ធំជាងគេ ហើយបានផ្តល់នូវអំណោយមនុស្សធម៌ គឺមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និន្នាការនយោបាយអ្វីឡើយ។ គឺក្នុងទិសដៅ ជួយពន្លឿនការកាត់បន្ថយភាពក្រីក្រ ដែលការពារសេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិនិងការការពារ តម្លៃមនុស្សធម៌របស់ជនរងគ្រោះ និងជនងាយរងគ្រោះទីទ័លក្រ ចាស់ជរាគ្មានទីពឹងជាដើម។ ដែលជាទស្សនវិស័យនៃយុទ្ធសាស្ត្រ ឆ្នាំ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការដឹកនាំដ៏ឆ្នើមប្រកបដោយភាពឈ្លាសវៃ ដើម្បីសមាគមមនុស្សធម៌ដ៏ធំធេងនេះ។
អំណោយដែលកាកបាទក្រហមកម្ពុជាផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនៅពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត១កញ្ចប់ និងថវិកាមួយចំនួន។ ចុងក្រោយលោកជំទាវបានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមរក្សាសុខភាពឲ្យបានល្អប្រសើរ ពិសេសអនាម័យបរិស្ថានជុំវិញផ្ទះ សូមកុំឲ្យមានការដុតថង់ជ័រប្លាស្ទិក ជាដើម វាអាចមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ៕