ខេត្តបន្ទាយមានជ័យ៖ អគីភ័យឆេះតូបអាជីវករខ្មែរចំនួន ៥៦តូប នៅផ្សាររោងគ្លឿ ប្រទេសថៃ ជាប់ព្រំដែនកម្ពុជា ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អគ្គីភ័យឆាបឆេះនៅយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងស្រុកអញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
លោក ពេស យ៉ាស័ក្តិ អភិបាលរងក្រុងប៉ោយប៉ែតបានប្រាប់ថា៖ យោងតាមរបាយការណ៍ពីអាជ្ញាធរភាគីថៃ អគ្គីភ័យដែលត្រូវបានឆាបឆេះតូបលក់ដូរផ្សាររោងក្លឿប្រទេសថៃរងការខូចខាតអស់តូបចំនួន៥៦តូបដែលភាគច្រើនជាតូបអាជីវករខ្មែរដែលលក់កាបូប និងទ្រនាប់ជើងជជុះ ដែលរងការឆាបឆេះខូចខាតអស់ទាំងស្រុងនៅពេលម្ចាស់ភាគច្រើនបានត្រឡប់ដេកនៅក្រុងប៉ោយប៉ែតវិញ។
លោកបានបញ្ជាក់ថា៖ អគ្គីភ័យដែលឆាបឆេះតូបលក់អីវ៉ាន់ភាគច្រើនជាតូបអាជីវករខ្មែរដែលលក់ដូរកាបូប និងទ្រនាប់ជើងជជុះ គឺខូចខាតអស់ចំនួន៥៦តូប តែបើការប៉ាន់ស្មានរបស់អាជ្ញាធរថៃទំហំការខូចខាតខ្ទង់៥០លានបាត ហើយអគ្គីភ័យដែលឆាបឆេះនេះមិនទាន់ព័ត៌មានច្បាស់ការឆាបឆេះពីមូលហេតុអ្វីដែរ តែព័ត៌មានបឋមអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កអោយ ឆេះឡើងបណ្តាលខូចខាតសម្ភារៈអាជីវករលក់ដូរ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានឡាយផ្ទាល់ចូលរួមសោកស្តាយ ចំពោះអគ្គីភ័យដែលឆាបឆេះផ្សាររោងក្លឿប្រទេសថៃ តែប៉ះពាល់ដែលតូបអាជីវករកម្ពុជាយើងដែលទៅប្រកបមុខលក់ដូរនៅផ្សារថៃជាប់ព្រំដែនថៃ.កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលភាគច្រើនជាអាជីវករកម្ពុជា រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តដ៏ទៃទៀត ទទួលរងនូវការខូចខាតអស់សម្ភារៈទាំងស្រុង
អាជីវករដែលរងការឆាបឆេះតូបបានប្រាប់ថា៖ តូបដែលត្រូវបានអគ្គីភ័យឆាបឆេះនៅផ្សាររោងក្លឿប្រទេសថៃភាគច្រើនជាតូបអាជីវករកម្ពុជា អ្នកលក់ដូរភាគច្រើនលក់ កាបូប ទ្រនាប់ជើងជជុះ កំរាលព្រុំ ពូកដេក ដែលត្រូវបានឆាបឆេះអស់ទាំងស្រុងនៅពេលអាជីវករភាគច្រើនត្រឡប់សំរាកនៅក្រុងប៉ោយប៉ែតវិញ ហើយមានតិចតួចណាស់ដែលដេកចាំតូបលក់អីវ៉ាន់ត្រូវបានអាជីវករខ្មែរភាគច្រើនជួល និងទិញក្នុង១តូបតំលៃរាប់ម៉ឺន រាប់សែនបាតហើយ ត្រូវបានអគ្គីភ័យឆាបឆេះសឹងរាល់ឆ្នាំតែម្ចាស់ផ្សាររោងក្លឿមិនបានទទួលខុសត្រូវ ដែលអាជីវករខ្មែរខ្លះដាច់ដើមឈប់លក់ និងជំពាក់បំណុលវ័នក ៕