(បន្ទាយមានជ័យ) មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលខេត្ត បើកវគ្គសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់កម្មវិធីបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីជ្រើសរើសសិក្ខាកាម និងគ្រូបង្គោលហូកាប្រចាំខេត្ត និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមលើជំនាញ ការិយាល័យជួរមុខ ក្រោមអធិបតីភាព លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ច។សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រជុំ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមានការចូលរួមពី លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្ត ព្រមទាំង លោក លោកស្រី អភិបាល អភិបាលរងក្រុង–ស្រុក កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ សិស្សនិស្សិតផងដែរ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបានមានប្រសាសន៍រាយការណ៍លើកឡើងឲ្យដឹងថា៖ក្រសួងទេសចរណ៍ក៏បានកំណត់គោលនៅយុទ្ធសាស្រ្តចំនួន៣រួមមាន៖១–ភាពប្រពួកប្រជែងទេសចរណ៍ ២–ចីរភាពទេសចរណ៍និងទី៣–បរិយាបន្តទេសចរណ៍។ ហើយគោលនៅយុទ្ធសាស្ត្រទាំងនេះមានសសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥រួមមាន៖១–បង្កើនប្រសិទ្ធភាពនៃការគ្រាប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សាកលឈានមុខ។ ២,បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗដើម្បីធ្វើឲ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាពនិងពិភពលោកចាប់អារម្មណ៍មកទស្សនា។៣,ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវនិងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរនិងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។៤,បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិតនិងភាពជាខ្មែរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌បេតិកភណ្ឌធម្មជាតិឆ្នេរសមុទ្រនិងប្រជាជនខ្មែរភាពជាខ្មែរនិងពង្រឹងសេវាទេសចរណ៍ សេវ៉ាមួយស្តង់ដាមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតង សម្រាប់ផលិតផលនិងសេវាទេសចរណ៍ទាំងនៅកម្រិតជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។៥,បង្កើនការអភិវឌ្ឍន៍ធនធានគោលដៅទេសចរណ៍អភិវឌ្ឍន៍តំបន់ទេសចរណ៍ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍។
ថ្លែងនៅក្នុងឱកាសនោះលោក ប្រាក់ ប៉ូលី បានមានប្រសាសន៍ឲ្យដឹងថា៖ សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់បណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា(បូកា) ដើម្បីជ្រើសរើស សិក្ខាកាម និងគ្រូបង្គោលប្រចាំខេត្ត លើមុខជំនាញ ការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ចុងភៅ ឆុងកាហ្វេ និងមគ្គុសទ្ទេសក៍ទេសចរណ៍សហគមន៍ អមដោយពិធីប្រគល់ វិញ្ញាបនបត្រដល់សិក្ខាកាម ជំនាញ “ការិយាល័យជួរមុខ” ចំនួន ១៤ រូបនៅខេត្តបន្ទាយមានជ័យ នាពេលនេះ គឺជាការល្អប្រសើរណាស់ ព្រោះខេត្តបន្ទាយមានជ័យ យើងមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមួយយ៉ាងសំខាន់ សម្រាប់ការធ្វើដំណើរចេញ ចូល តាមផ្លូវគោក របស់អ្នកទេសចរ មកពីគ្រប់ទ្វីបលើពិភពលោកយើងនេះ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយនាឱកាសនេះគឺមានសារៈសំខាន់ណាស់ ចំពោះយើងទាំងអស់គ្នា នឹងផ្តល់នូវចំណេះដឹងបន្ត ពិសេសដល់ អ្នកបម្រើការងារក្នុងអាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ ដើម្បីសម្របខ្លួន ជាអ្នកបម្រើភ្ញៀវទេសចរណ៍បានល្អ ទាំងកាយវិការ ទឹកមុខ អាកប្បកិរិយា ពាក្យសម្តី សម្លៀកបំពាក់ សីលធម៌ និងសេវាដទៃទៀត ដែលទាក់ទងដោយផ្ទាល់ជាមួយភ្ញៀវ។ យើងម្នាក់ៗក៏ត្រូវចងចាំជានិច្ចថា ទេសចរណ៍ កម្ពុជា ជាទេសចរណ៍ វប្បធម៌ និងធម្មជាតិ” មិនមែនជាទេសចរណ៍ផ្លូវភេទទេ ហើយយើងប្រឆាំងដាច់ខាត នូវការ ជួញដូរ និងកេងប្រវ័ញផ្លូវភេទលើស្ត្រី និងកុមារ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សតាមគ្រប់រូបភាព ដែលទាក់ទងនឹងវិស័យទេសចរណ៍៕