(បន្ទាយមានជ័យ)៖ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ពន្ធ័ករណីលួចម៉ូតូ កាលពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ពាក់ព័ន្ធករណីនេះលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹង ក្រោយពីទទួលពាក្យបណ្តឹងលោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សិទ្ធ អាន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង នៅចំណុចសួនមាត់ស្ទឹង ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជនសង្ស័យខាងលើ ជាលទ្ធផលវិជ្ជមាន(+) ។
លោកវរសេនីយ៍ត្រី សុខ ឡេង បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពីបទលួច ទូរសព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយ នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕