(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ រហូតដល់ចំណុចមណ្ឌល៥ ស្ថិតក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានប្រទះឃើញក្មេងទំនើងមួយក្រុមកំពុងប្រមូលផ្តុំគ្នា ភ្លាមនោះកម្លាំងល្បាតបានចុះទៅឆែកឆេរតែក្រុមក្មេងទំនើងទាំងនោះបានរត់គេចខ្លួន កម្លាំងល្បាតក៏បានដេញចាប់បានចំនួន០៣នាក់រួមមាន៖ ១.ឈ្មោះ ជី ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ, ២.ឈ្មោះ ហុង ដា ភេទប្រុស អាយុ២២ឆ្នាំ , ៣.ឈ្មោះ រឿន ចាន់វ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ រួមទាំងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាជាលទ្ធផល វិជ្ជមាន(+) ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន សួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងខាងលើពិតជារបស់ពួកខ្លួន ហើយពួកខ្លួនក៏បានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ដើម្បីអនុវត្តតាមនីតិវិធី៕