ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្បែរដីទំនេរដ៏ធំមួយកន្លែងដែលមានព្រៃក្រាស់ខ្មឹក នៅតាមជួរបន្ទាត់ព្រំដែនកម្ពុជា–ថៃ ស្ថិតនៅក្នុងភូមិទំនប់ក ៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ភ័យស្លន់ស្លោ ក្រោយពីមានអគ្គីភ័យឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅក្បែរលំនៅឋានរបស់ពួកខ្លួន នៅវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ដោយនាំគ្នាបាញ់ទឹកពន្លត់ តែទោះយ៉ាងនេះក្តីភ្លើងនៅតែបន្តឆាបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចឆេះដល់ផ្ទះសំបែងរបស់ពួកខ្លួន ។
តែទោះយ៉ាងនេះក្តី ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ និងប៉ោយប៉ែត រួមនឹងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បាននាំរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ទៅបាញ់ពន្លត់យ៉ាងសស្រាក់សស្រាំ ។ហើយក្នុងរង្វង់ប្រតិបត្តិការបាញ់ពន្លត់ភ្លើងឆេះព្រៃ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនោះដែរ ក៏មានរថយន្តពន្លត់អគ្គីភ័យរបស់លោក នួន នីគីដា ដែលជាក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែតចូលរួមផងដែរ រហូតរលត់ជាស្ថាពរមិនបណ្ដាលឲ្យឆេះរាលដាលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ។នេះជាព័ត៌មានមួយសម្រាប់ដាសតៀនដល់ប្រជាពលរដ្ឋផ្សេងទៀត ដើម្បីឲ្យមានការប្រុងប្រយ័ត្ន។
សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យ ត្រូវសម្អាតបរិស្ថាន ពិសេសព្រៃនៅជុំវិញផ្ទះត្រូវកាប់ឆ្កាឲ្យបានស្រឡះ ដើម្បីបញ្ជៀសឧបទវហេតុគ្រោះថ្នាក់ដោយសារអគ្គីភ័យក្នុងប្រការណាមួយដោយមិនដឹងជាមុនផងដែរ ៕