គណៈកម្មការចំពោះកិច្ច ចុះត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន ដែលប៉ុស្តិ៍ទើបសាងសង់បន្ថែម១៤បញ្ជរ !!!
ដោយះ លោក ផូ ប៊ុនថន
ចេញផ្សាយ ថ្ងៃ ព្រហស្បត៍ ៨កើត ខែ បុស្ស ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៤
ខេត្តបន្ទាយមានជ័យ៖
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចបានចុះត្រួតពិនិត្យ បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនថ្មី ដែលប៉ុស្តិ៍ទើបសាងសង់បន្ថែមចំនួន១៤បញ្ជរទៀត នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ការចុះត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនថ្មី ដែលប៉ុស្តិ៍ទើបសាងសង់បន្ថែមនេះ ដឹកនាំដោយ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន ដែលធ្វើការសាងសង់បន្ថែមចំនួន១៤បញ្ជរទៀត ដោយក្នុងនោះ មាន០៥បញ្ជរនៅផ្នែកប័ណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅ ហើយនៅសល់០៩បញ្ជរទៀត គេដាក់សម្រាប់ច្រកចេញ០៥ និងចូល០៤បញ្ជរ។ បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែននេះ បានសាងសង់ឡើងស្របតាមដងផ្លូវ ក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃប្រើប្រាស់យានជំនិៈគ្រប់ប្រភេទ ជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ។
គោលបំណងដែលប៉ុស្តិ៍សាងសង់បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនបន្ថែមនេះ គឺដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូលប្រទេសឱ្យបានឆាប់រហ័សគ្មានការកកស្ទះ ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស។
ឆ្លាតក្នុងឪកាសនោះដែរ ឯកឧត្ដម សៀក សុជាតិ ក៏បានជួបសំណេះសំណាលជាមួយមន្ត្រីពាក់ព័ន្ធនៅអគារថ្មី និងបានលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប ព្រមទាំងបានសំណូមពរដល់មន្រ្តីប៉ុស្តិ៍ឱ្យបង្កើនការយកចិត្តទុកដាក់លើការបំរើសេវាជូនអ្នកដំណើរចេញ-ចូលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។
ជាទីបញ្ចប់ឯកឧត្ដមក៏បានកោតសរសើរនូវការខិតខំយកចិត្តទុកដាក់បម្រើសេវាជូនអ្នកដំណើរជាតិ អន្តរជាតិរបស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមក៕
ដោយ៖ គេហទំព័រ Bunthorn news. TV Online