ខេត្តកណ្តាល៖ ក្នុងឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរ យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ នៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្ដាំផ្ញើដល់យោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ) ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ បទបញ្ជា និងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ ដើម្បីមកបម្រើប្រទេសជាតិ មាតុភូមិ និងបន្តថែរក្សានូវសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែងរហូតទៅ។បើទោះបីជាប្រទេសរបស់យើងមានសន្តិភាព ស្ថេរភាពល្អយ៉ាងណាក៏ដោយ ប៉ុន្តែការហ្វឹកហាត់របស់យើងនៅតែជាភារកិច្ចស្នូលរបស់កងកម្លាំងជាចាំបាច់ ដើម្បីបន្តថែរក្សានូវសុខសន្តិភាព និងស្ថេរភាពរបស់ប្រទេសយើងឱ្យបានគង់វង្សយូរអង្វែង ហើយទាល់តែយើងមានសមត្ថភាពគ្រប់គ្រាន់ សត្រូវរបស់យើងមិនហ៊ានប្រមាថ មើលងាយមកលើយើង និងមិនហ៊ានមកឈ្លានពាន ឬមកធ្វើសង្គ្រាមជាមួយយើងឡើយ។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ក៏បានសំដែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើ កងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណសម្បត្តិ(ជាប់ជាស្ថាពរ) ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលត្រូវបានជូនដំណើរ និងត្រូវចូលហ្វឹកហ្វឺននៅមជ្ឈមហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) ដែលចេញពីការជ្រើសរើសក្នុងខេត្តកណ្តាល សូមខិតខំរៀនសូត្រ និងបំពេញតួនាទី ភារកិច្ច និងបេសកកម្មកងរាជអាវុធហត្ថ ឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ, បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ និងបទបញ្ជាពេលបញ្ចប់វគ្គ ៕