បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតទឹកស្លឹកក្រៈថុមឃាត់ខ្លួនជនជាតិខ្មែរថៃ២នាក់
និងសម្រេចបិទទីតាំងផលិតនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញា និងបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រៈថុម ដែលផលិតពីស្លឹកក្រៈថុម ដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃ ម្នាក់ជាជនជាតិខ្មែរ ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងរឹបអូសសម្ភារៈផលិត ចាក់ទឹកក្រៈថុមដែលផលិតហើយប្រមាណជិត១០០ដប និង៦ទៅ៧ឆ្នាំងធំ។
លោកបានបញ្ជាក់ថា៖ ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រៈថុម នេះ តាមគោលការណ៍ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ទីតាំងផលិតទឹកក្រៈថុមខាងលើនេះ ត្រូវបានបិទជាបណ្តោះអាសន្ន និងរឹមអូសសម្ភារៈផលិតទឹកក្រៈថុម យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលកក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រៈថុម ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីសាកសួរហើយកសាងសំណុំរឿងតាមនីតិវិធី៕