ខេត្តកណ្ដាល៖ បញ្ហាប្រភពទឹកសម្រាប់កងកម្លាំងពន្លត់អគ្គីភ័យ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដើម្បីបញ្ជៀស ឱ្យបាននូវការបាត់បង់ឬខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដូច្នេះលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញដល់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្តកណ្ដាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត ត្រូវរៀបចំប្រភពផ្គត់ផ្គង់ទឹកឱ្យបានល្អ នៅតាមបណ្តាគោលដៅដែលផ្តល់លក្ខណៈងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានអគ្គីភ័យណាមួយកើតឡើង។លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ និងជំរុញបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី៥ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
អភិបាលរងខេត្តកណ្ដាល បន្តថា មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ដើរតួនាទីយ៉ាងសំខាន់ក្នុងការសហការជាមួយស្នងការនគរបាលខេត្ត ដើម្បីរៀបចំក្បាលបូមទឹក ប្រភពទឹក តាមគោលដៅដែលបានកំណត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយស្រួលដល់កងកម្លាំងពន្លត់អគ្គីភ័យ ក្នុងការយកទឹកទៅសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា៕