(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មានថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីតម្លៃរបស់កុមារ និងអំពីបញ្ហាប្រឈមនានារបស់កុមារ។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារ បន្ទាប់ពីក្រសួងបានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ។តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។
ឯកឧត្តមបានផ្ដាំផ្ញើដល់កុមារាកុមារីទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
ក្នុងនោះក៏បានអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ងាយចេះ ងាយចាំ។តាមរយៈរបាយការណ៍សង្ខេបរបស់លោកស្រី ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកជាប្រធានគណៈកម្មការបូកពិន្ទុក បានឱ្យដឹងថា មហោស្រពតន្ត្រី និងចម្រៀងកុមារ បានចាប់កំណើតតាំងពីឆ្នាំ១៩៨៥ រហូតមកឆ្នាំ២០១២ ក្រោមការគាំទ្រពីឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលនៅបន្តគាំទ្ររហូតដល់ឆ្នាំ២០១៩ ប៉ុន្តែត្រូវផ្អាកអស់រយៈពេលជិត៣ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ–១៩។
ក្នុងឆ្នាំ២០២៤នេះ មហោស្រពតន្ត្រី និងចម្រៀងកុមារ ត្រូវបានប្រារព្ធឡើងវិញក្រោមការផ្តួចផ្តើមដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ កុមារាកុមារីដែលបានចូលរួមប្រលងមានចំនួន៣៤ក្រុម ទំនុកច្រៀងចំនួន៦៨អត្ថបទ ដែលមានអត្ថរូប អត្ថន័យ អត្ថរសល្អៗ និងជាសារផ្តល់នូវការអប់រំ ចំណេះដឹង យ៉ាងទូលំទូលាយ គ្របដណ្តប់ទៅលើសីលធម៌ អត្តចរឹតរបស់កុមារ។
ឆ្លងកាត់ការប្រឡងជម្រុះបង្ហាញសមត្ថភាពអស់ជាច្រើនសប្តាហ៍មកនេះ បានឈនចូលមកដល់វគ្គប្រឡងផ្តាច់ព្រាត់ចំនួន១០ក្រុម។ ជាលទ្ធផលផ្តល់ពិន្ទុកដោយគណៈកម្មការសម្រាប់ មហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ ម្ចាស់ពានរង្វាន់ក្រសួងព័ត៌មាន លេខ១ បានទៅលើសាលាបឋមសិក្សាព្រះនរោត្តម, លេខ២ បានទៅលើសាលាបឋមសិក្សាវត្តបូព៌ ខេត្តសៀមរាប, លេខ៣ បានទៅលើសាលាមីគីវ៉េ ក្រុម១, លេខ៤ បានទៅលើសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង និងលេខ៥ បានទៅលើសាលាបឋមសិក្សាវត្តមង្គលសិរីគៀនឃ្លាំង។
* ជ័យលាភី លេខ១ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា១០លានរៀល * ជ័យលាភីលេខ២ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៦លានរៀល * ជ័យលាភីលេខ៣ ទទួលបានពាន១ ប្រកាសនីយបត្រ១ និងថវិកា៤លានរៀល * ជ័យលាភីកិត្តិយសលេខ៤ និងលេខ៥ ទទួលបានពានកិត្តិយសចំនួន១ ប្រកាសនីយបត្រចំនួន១ និងថវិកា២លានរៀល៕