ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ប៉ុស្តិ៍នគរបាលអធិការក្រុង ស្រុកទូទាំងខេត្តបន្ទាយមានជ័យ ត្រូវធានានូវការចុះបញ្ជីអត្រានុកូលដ្ឋានទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ជាពិសេសរដ្ឋបាលឃុំសង្កាត់ ត្រូវពង្រឹងការអនុវត្តចុះបញ្ជីអត្រានុកូលដ្ឋាន និងទប់ ការក្លែងបន្លំនានា និងផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងឯកសារផ្សេងៗ ឲ្យបានច្បាស់លាស់ មុនចេញជូនដល់បងប្អូនប្រជាពលរដ្ឋយកទៅប្រើប្រាស់។លោកឧត្តមសេនីយ៍ឯក អុឹង ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ថ្លែងបែបនេះក្នុងពិធីផ្សព្វផ្សាយសេចក្ដី នាំអំពីបែបបទនីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជូនដល់មន្ដ្រីរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់អធិការប៉ុស្តិ៍នគរបាល ទូទាំងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា តាមរយៈនៃការសិក្សាស្រាវជ្រាវកន្លងមក ក្រសួងមហាផ្ទៃបានរកឃើញថា ប្រជាពលរដ្ឋខ្មែរមួយចំនួន បាននិងកំពុងជួបបញ្ហាប្រឈម លើកំហុសទិន្នន័យ អត្តសញ្ញាណកម្មរបស់ខ្លួននៅក្នុងបញ្ជីនិងសំបុត្រអត្រានុកូលដ្ឋាន ជាមួយឯកសារអត្តញ្ញាណកម្មដទៃទៀត ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋាន ប្រភេទតែមួយ លើសពីពីរដង ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ជួបការលំបាក នៅក្នុងការស្នើសុំសេវារដ្ឋបាលផ្សេងៗ ទាក់ទិននឹងបញ្ហានេះ រាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃបានដាក់ចេញ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិ ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងបង្កើតការចុះបញ្ជីអត្រានុកូលដ្ឋានដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋាន ដែលចុះជាន់គ្នា ឲ្យបានឆាប់រហ័សទូលំទូលាយនិងងាយស្រួល ក្នុងគោលបំណងសម្រេចបាននូវគោលដៅ មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ។
លោកឧត្តមសេនីយ៍ឯក អុឹង ប្រណិតា បានមានប្រសាសន៍លើកឡើងថា វគ្គផ្សព្វផ្សាយនេះគឺពិតជាមានប្រយោជន៍ និងសំខាន់ណាស់សម្រាប់ អស់លោកលោកស្រី មន្ត្រីរាជការ ទទួលបន្ទុករដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់ និងប៉ុស្តិ៍នគរបាល ដែលត្រូវយកចិត្តទុកដាក់ស្តាប់ស្វែងយល់ នៃការធ្វើបទបង្ហាញ របស់មន្ត្រីក្រសួងមហាផ្ទៃដែលបានធ្វើការលើកឡើងពន្យល់ណែនាំ ពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន ជៀសវាង អស់លោក លោកស្រី យកទៅធ្វើការអនុវត្តមានការខុសឆ្គង ធ្វើឲ្យមានផលវិបាក នៃការផ្តល់សេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ឯក បានបន្តថា ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន ដែលអាចកែតម្រូវបាន ដូចជាករណីដែលបានសរសេរខុស ឬភ័ន្តច្រឡំព័ត៌មាន ឬការខកខានពុំបានបំពេញកំហុសបច្ចេកទេស ដល់មន្ត្រីអត្រានុកូលដ្ឋានឃុំសង្កាត់ កន្លែងណាមួយដូចជា ការខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល នាមខ្លួន ជាអក្សរខ្មែរ អក្សរឡាតាំង របស់សាមីខ្លួននិងឪពុកម្ដាយ៕