ខេត្តកណ្តាល ៖ ក្នុងនោះទីអារាមក៏ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តអនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ កុមារ និងជនក្រីក្រផងដែរ។ ទីអារាមបានក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់លោកយាយ លោកតាជាកន្លែងសម្រាប់ សុំសីលធ្វើទានកុមារ និងយុវជនមួយ ចំនួនដែលមិនមានលទ្ធភាពក៏បានប្រើប្រាស់ទីអារាមនេះ ដោយមួយចំនួនបានបួសដើម្បីបន្តការសិក្សា និងមួយចំនួនទៀតក៏បានស្នាក់នៅដើម្បីបន្តការសិក្សា។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានាជាច្រើនក្នុងវត្តពោធិ៍លាស់ ស្ថិតក្នុងភូមិពោធិ៍លាស់ ភូមិព្រែកថ្មី ឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ។
ឯកឧត្តមអភិបាលខេត្តកណ្តាល បញ្ចាក់ថា៖ វិស័យនានានៅខេត្តកណ្តាល មានការរីកចម្រើនគួជាទីមោទនៈ ដោយឡែកការប្រតិបត្តិសាសនានានាក៏មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការបើកទូលាយលើសេរីភាពជំនឿសាសនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបធី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានបាវចនា ចំនួន ៥ គឺ: កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានការកែទម្រង់ដ៏មុតស្រួច ដោយបានកំណត់អាទិភាពជាគន្លឹះ ចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស ផ្តោតលើ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹង សេដ្ឋកិច្ច–សង្គម ព្រមទាំង តម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»៕