(បន្ទាយមានជ័យ)៖មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ទទួលពាក្យបណ្ដឹងពីជនរងគ្រោះនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ស្តីពីករណីលួចសម្ភារៈសំណង់ បង្កឡើងដោយជនសង្ស័យចំនួន០៣នាក់ ១–ឈ្មោះ ហឿត វិច្ឆិកា ហៅផុក ភេទប្រុស អាយុ២០ឆ្នាំ,២-ឈ្មោះ ខុន វិន ភេទប្រុស អាយុ៣៩ឆ្នាំ និង៣–ឈ្មោះ ម៉ាន មេឃ ភេទប្រុស អាយុ៣០ឆ្នាំ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើ រួមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង1M-7233 ចំនួន០១គ្រឿង, ២.កំណាត់ខ្សែភ្លើង ចំនួន០១ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៣.ក្រចាប់ដែករន្ទា ចំនួន២៧ដុំ (ប្រគល់ជូនជនរងគ្រោះវិញ), ៤.កំណាត់ដែកតំណរ រន្ទា ចំនួន១០កំណាត់ (ប្រគល់ជូនជនរងគ្រោះវិញ) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី តាំង សុខហេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើពាក្យបណ្ដឹង និងចម្លើយសារភាព ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យក្រោយពីសាកសួរ ធ្វើនិតិវិធីរួចត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕