បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ខ្វះទីជម្រក និងពិការភ្នែក រស់នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក។
លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថា ក្រុមប្រតិបត្តិសាខាសហការជាមួយក្រុមអនុសាខាកាកបាទក្រហមស្រុកថ្មពួក បានចុះធ្វើការប៉ាន់ប្រមាណតម្រូវការរបស់គ្រួសារឈ្មោះ វែង ស៊ឺន ភេទប្រុស អាយុ ៦២ឆ្នាំ ដែលមានប្រពន្ធឈ្មោះ ខ្វង ភាត អាយុ ៤៥ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងពិការភ្នែកទាំងឪពុក និងកូនប្រុសទាំង ៣នាក់ មុខរបរមិនពិតប្រាកដ គឺប្រពន្ធជាអ្នកដើរស៊ីឈ្នួលគេយកមកផ្គត់ផ្គង់គ្រួសារ ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៥នាក់ ស្រី ១នាក់ ដោយពិនិត្យឃើញថា គ្រួសារនេះមានលក្ខណៈសម្បត្តិសមស្របតាមលក្ខខណ្ឌដែលសាខាកំណត់ គឺជាគ្រួសារក្រីក្រ និងពិការភ្នែករស់នៅអចិន្ត្រៃយ៍ក្នុងភូមិ និងមានដីកម្មសិទ្ធិផ្ទាល់ខ្លួនទំហំ ៨ម៉ែត្រ គុណ ៣០ម៉ែត្រ សម្រាប់សង់លំនៅដ្ឋានបាន និងមានការយល់ព្រមពី គណៈកម្មាធិការសាខា មន្ត្រីសាខាបានសហការចាប់ផ្ដើមរកជាងដើម្បីសាងសង់ផ្ទះថ្មីមួយខ្នង មានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣.៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាទចាក់ស៊ីម៉ង់ត៍ (សាប) សង់ផ្ទាល់ដី (ផ្ទះតៀម) និងបង្គន់អនាម័យបន្ថែម ដោយចំណាយថវិកាសរុបចំនួន ២,៣៤៦ ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ផ្ទះថ្មីទាំងនេះ ជាផ្ទះគ្រោះធម៌របស់សាខាកាកបាទក្រហមដែលមានលក្ខណៈរឹងមាំអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិតហើយគិតត្រឹមមកដល់ពេលនេះសាខាកាកបាទក្រហមបានអនុវត្តសាងសង់ផ្ទះជូនដល់បងប្អូន សរុបចំនួន ២០ផ្ទះមកហើយហើយការអនុវត្តនៃគម្រោងសង់ផ្ទះថ្មីជូនគ្រួសារក្រីក្រខ្វះខាតជម្រកនេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានដឹកនាំ។
ក្រៅពីប្រគល់ផ្ទះសាខាក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែម អង្ករ៥០គីឡូក្រាម ត្រីខ១យួរ មីជាតិ១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ធុងទឹក៦០លីត្រមួយ ឆ្នាំង២ ចានបាយចំនួន៥ ស្លាបព្រា៥ កន្ទេលជ័រ១ និងថវិកាមួយចំនួន និងប្រជាពលរដ្ឋទីទ័លក្រ ១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕