(ប៉ៃលិន)៖ថ្លែងនៅថ្ងៃទី២៤ ខែមីនានេះលោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិនបានបញ្ជាក់ថា ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិនបានរៀបចំពិធីប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីជាការរំលឹក ឬជាការដាស់នូវស្មារតីប្រជាពលរដ្ឋឱ្យមាន ការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះមហន្តរាយអំពីអគ្គិភ័យនាពេលខាងមុខ ដើម្បីត្រៀមម្ចាស់ការគ្រប់កាលៈទេសៈ ដើម្បី កាត់បន្ថយពីការគ្រោះថ្នាក់ដោយអគ្គិភ័យ។
ជាមួយគ្នាសំណូមពរដល់លោក អធិការនគរបាលក្រុង/ស្រុក ជួយជំរុញដល់ប៉ុស្តិ៍ទាំង០៨ ឃុំ/សង្កាត់ ចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់កើតឡើងដោយអគ្គិភ័យ និងជួយពន្យល់កុំឲ្យកាប់ឆ្ការដុតទ្រនៀនព្រៃ នៅរដូវប្រាំង ។និងបានអំពាវនាវដល់ប្រជាពលរដ្ឋតាមគេហដ្ឋាននីមួយៗ ត្រូវត្រៀមបម្រុងទុកនូវបំពង់ពន្លត់អគ្គិភ័យ គ្រប់ប្រភេទ បាល់ពន្លត់អគ្គិភ័យ សារធាតុផ្សំពីទឹក ភួយពន្លត់អគ្គិភ័យ ម៉ូទ័រឬម៉ាស៊ីនបូមទឹកចល័ត បាវ ក្រណាត់ជក់ទឹក ពាងទឹក អាង ធុងទឹក ចប ប៉ែល ដីខ្សាច់ ពូថៅ ញញូរ ត្រសេះ សម្រាប់ប្រើប្រាស់ពេលមាន អគ្គិភ័យកើតឡើងជាយថាហេតុ។
លោកវរ:សេនីយ៍ឯក យ៉ន ជេដ្ឋា ស្នងការរងផែនការងាគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានអោយដឹងថា របាយការណ៍នៅឆ្នាំ២០២៤កន្លងទៅ មានគ្រោះអគ្គិភ័យកើតឡើង ចំនួន ០៣ ករណីស្មើនឹង ០៧លើក ។ក្នុងនោះក្រុងប៉ៃលិនកើតឡើងចំនួន ០២ លើក។ស្រុកសាលាក្រៅ កើតឡើង ចំនួន ០៥លើក។ករណីឆេះ រោងចក្រសម្លុតមៀន ចំនួន ០១ លើកករណីឆេះព្រៃ ចំនួន ០៤ លើក
ចំពោះមូលហេតុ នៃការឆេះគឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើងនិងដុតផ្ទះដោយខ្លួនឯង ព្រោះមានជម្ងឺសតិមិនគ្រប់។ហើយករណីឆេះព្រៃបណ្តាលមកពីប្រជាពលរដ្ឋយកឃ្មុំមិនបានពន្លត់ភ្លើង។សរុបទាំងអស់ការខូចខាតរួមមានឃ្លាំងសម្អាតមៀន ទំហំ៣០មx៥០ម ធ្វើពីថ្មប្រកស័ង្គសី ខូចខាត៥០%
–ម៉ាស៊ីនត្រជាក់ ចំនួន ៥ គ្រឿង
–ម៉ាស៊ីនសម្អាត ចំនួន ៣ គ្រឿង
–ស្វាយចន្ទី ចំនួន ៥០០ ដើម
–ផ្ទះ១ខ្នង ទំហំ ៤មx៥ម ធ្វើពីឈើប្រកសង្ក័សី ខូចខាតទាំងស្រុង។លោកបញ្ជាក់ថាបើបងប្អូនមានបញ្ហាករណីគ្រអគ្គីភ័យសូមរាយការមកស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដែលមានលេខ097 7780025ឬ118ដើម្បីហៅរថយន្តទៅសង្គ្រោះបន្ទាន់៕