ខេត្តបន្ទាយមានជ័យ៖នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ស្ថិតនៅបរិវេណវត្តចម សុទ្ធាវាស(ហៅវត្តស្វាយចាស់) ក្នុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានរៀបចំកាត់វិញ្ញាណសារប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ ២០២៥–២០២៦ ដោយមានសមណៈសិស្សនិមន្តមកប្រលងសរុបចំនួន១៨០អង្គ នឹងត្រូវបែងចែកជា ៨ បន្ទប់ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្ត។
លោក បៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា វិញ្ញាសាប្រឡងចូលរៀនរបស់សមណៈសិស្សនាពេលនេះគឺមានចំនួន៤ មុខវិជ្ជា វិញ្ញាសាទី១ ភាសាបាលីវិញ្ញាសា ទី២ សរសេរតាមអាន វិញ្ញាសាទី៣ ពុទ្ធវិន័យ និងវិញ្ញាសាទី៤ គណិតវិទ្យា ដោយការប្រឡងគឺពេញមួយថ្ងៃ ហើយការប្រឡងនេះទៀតផងដែរក៏មានការយកចិត្តទុកដាក់ខ្ពស់មានន័យថា សមណៈសិស្សប្រលងដោយសមត្ថភាពចំណេះដឹងដែលបានរៀនកន្លងមកធ្វើ យ៉ាងណាដើម្បីបានបន្តដល់ថ្នាក់ឧត្តម។
លោក យឹម សំណាង បានមានប្រសាសន៍ថា នៅក្នុងមាត្រា ទី៦៥ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗដើម្បីឲ្យមានការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប ។
រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងខែជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទាំងគ្រហស្ថ ទាំងបព្វជិតត្រូវទទួលបានការអប់រំប្រកបដោយគុណភាពជាពិសេសនៅក្នុងយុទ្ធសាស្ត្របញ្ញាកោណដំណាក់កាលទីមួយសម្រាប់នីតិកាលទី ៧ នៃរដ្ឋភា
បានដាក់ចេញគោលនយោបាយអប់រំជាតិគឺការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។
ចំណែកវិស័យពុទ្ធិកសិក្សាវិញក៏ដូចជាវិស័យអប់រំដែររាជរដ្ឋាភិបាលដែលបានដែលដឹកនាំដោយសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ជាតិនៅក្នុងនោះក៏មានការកែទម្រង់វិស័យពុទ្ធិសិក្សាផងដែរដើម្បីឲ្យវិស័យនេះក្លាយជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានព្រះសង្ឃដែលជាគ្រឹះដ៏រឹងមាំក្នុងការពារអក្សរសាស្ត្រវប្បធម៌អរិយធម៌និងព្រះពុទ្ធសាសនាហើយគង់វង្ស។
ជាក់ស្ដែងនៅថ្ងៃនេះមន្ទីរធម្មការសហការជាមួយសាលាគណៈខេត្តទាំងពីរគណៈបានរៀបចំប្រឡង ជ្រើសរើសសមណៈសិស្សចូលរៀនពុទ្ធិអនុវិទ្យាល័យគោលបំណង ដើម្បីជំរុញឲ្យព្រះសង្ឃបន្តការអប់រំបានខ្ពស់មួយកម្រិតទៀតដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះដឹងផ្នែកព្រះពុទ្ធសាសនា៕