ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៥ នេះ បានអញ្ជើញបើកការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៥ ស្ថិតនៅកីឡដ្ឋានបាល់ទះ សាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ទៅកាន់ក្រុមកីឡាករ កីឡាការិនី ថា សូមឱ្យយុយនវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្សសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត សូមផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈដែលគណៈកម្មការបច្ចេកទេសបានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។
ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់វិស័យកីឡាពីសំណាក់ លោក លោកស្រី ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារៈនិងថវិកាសម្រាប់ផ្គត់ផ្គង់ដល់វិស័យនេះ និងសូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាមន្ទីរ–អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាប្រពៃណវប្បធម៌ និងដើម្បីដណ្តើមយកជ័យជម្នះជូនមន្ទីរ–អង្គភាព ក្រុង/ស្រុករបស់ខ្លួន និងសម្រាប់បន្តទៅចូលរួមក្នុងការប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ៕