ខេត្តបន្ទាយមានជ័យ៖ ផ្ទះសប្បុរសធម៌ របស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទី១៨ ត្រូវបានធ្វើពិធីប្រគល់ជូន លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ គ្រួសារពិការក្រីក្រ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្រោមមធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមខេត្ត។
បើតាមរបាយការណ៍សង្ខេបរបស់ លោក ធូ ស៊ីភ័ណ្ឌ នាយកប្រតិបត្តិសាខា បានឱ្យដឹងថា ក្រុមប្រតិបត្តិសាខាបានសហការជាមួយអនុសាខាក្រុង អាជ្ញាធរមូលដ្ឋាន បានចុះប៉ាន់ប្រមាណ តម្រូវការ របស់គ្រួសារ លោកស្រី ឯក សារ៉ូ អាយុ ៥៣ឆ្នាំ ជាលទ្ធផលគ្រួសារនេះរស់នៅក្នុងសភាពក្រីក្រ និងពិការ មានមុខរបរដើររើសអេតចាយ ហើយរស់នៅម្នាក់ឯងប៉ុណ្ណោះ ដោយពិនិត្យឃើញពីការលំបាកក្រីក្រ និងពិការផងនោះ សាខាកាកបាទក្រហមខេត្តបានសម្រេច ផ្ដើមសាងសង់ផ្ទះថ្មីមួយខ្នង ទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៦ម៉ែត្រ កម្ពស់ ៣ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់ស៊ីម៉ង់ត៍ និងបង្គន់អនាម័យ១ ក្នុងនោះបានចំណាយសរុបអស់ថវិកាចំនួន ២,១៧៤ ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៍ ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ហើយការអនុវត្តគម្រោងសង់ផ្ទះ ជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅ នេះពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ ប្រកបដោយមនុស្សធម៌។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ការផ្ដល់ផ្ទះមនុស្សធម៌ឬក៏ផ្ដល់អំណោយមនុស្សធម៌ផ្សេងៗ ដល់បងប្អូនងាយរងគ្រោះ ក្រីក្រ ចាស់ជរា គ្មានទីពឹងនោះ ថវិកា សម្ភារៈ បានមកពីការបរិច្ចាគ ពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី ព្រះសង្ឃ មន្ត្រីរាជការ កង់កម្លាំងប្រដាប់អាវុធ សប្បុរសជននានា ជារៀងរាល់ឆ្នាំតែងតែផ្ដល់ជូនតាមរយៈសាខាកាកបាទក្រហមខេត្ត ហើយសាខាកាកបាទក្រហមខេត្ត និងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋឲ្យចំគោលដៅ មិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្រោយពីប្រគល់ផ្ទះក៏បានផ្ដល់នូវ សម្ភារៈអំណោយបន្ថែមដល់លោកស្រី ឯក សារ៉ូ រួមមាន៖អង្ក ៥០គីឡូក្រាម ,ត្រីខ ១យួរ ,មីជាតិ ១កេស ,ទឹកត្រី ,មុង ,ភួយ ,សារុង ,ក្រមា ,ទឹកសុទ្ធ ,ធុងទឹក ៦០លីត្រមួយ ,ឆ្នាំង ,ចាន ,ស្លាបព្រា ,កន្ទេលជ័រ និងថវិកាមួយចំនួន។ដោយឡែកប្រជាពលរដ្ឋខ្វះខាតចំនួន ១០ គ្រួសារ ទទួលបានពីព្រះមន្ត្រីសង្ឃក្នុងក្រុងប៉ោយប៉ែត ម្នាក់ៗទទួលបាន អង្ករ ២០គីឡូក្រាម ឃិត ១កញ្ចប់ ទឹកសុទ្ធ ២យួរ ថវិកា ៣ម៉ឺនរៀល និងលោកស្រី ឯក សារ៉ូ ទទួលបានថវិកាបន្ថែមពីព្រះមន្ត្រីសង្ឃចំនួន ៦០ម៉ឺនរៀល៕