(បន្ទាយមានជ័យ)៖បុរសជនជាតិចិនម្នាក់បើកបរថយន្តស៊េរីទំនើបក្នុងល្បឿនលឿនវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តធុញធំ ដឹករថយន្តច្រូតស្រូវដែលកំពុងចតនៅលើចិញ្ចើមផ្លូវខាងមុខឃ្លាំង ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ដោយគៀបជាប់ក្នុងរថយន្ត ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតរង្វង់មូលផ្លូវលេខ៥៨ ស្ថិតនៅក្នុងភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងនគរបាលទទួលផែនចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងក្រុមសង្គ្រោះបឋមក្រុង រួមនិងប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ ដោយគាស់យកជនជាតិចិនដែលជាតៃកុងរថយន្តសេរីទំនើបចេញពីរថយន្តដោយសារគៀបជាប់ចេញមិនរួច ហើយបញ្ជូនទៅសង្គ្រោះនៅឯបន្ទីរពេទ្យភ្លាមៗ ។
ពាក់ព័ន្ធករណីខាងលើនេះប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុវាបានឃើញរថយន្តស៊េរីទំនើបម៉ាកលុចស៊ីស ពាក់ស្លាកលេខភ្នំពេញ 2CC-9997 បើកបរក្នុងល្បឿនលឿនវ៉ាជែងជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅពីលិចទៅកើត ពោលគឺពីក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែបុករថយន្តធុនធំដឹករថយន្តជ្រូតស្រូវដែលកំពុងចតនៅលើចិញ្ចើមផ្លូវខាងមុខឃ្លាំង ពេញញកំហឹង បណ្ដាលឱ្យបុរសជនជាតិចិនដែលជាតៃកុង រងរបួសធ្ងន់ជាប់នៅក្នុងរថយន្ត ចំណែករថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរតែម្តង។
ក្រោយពីសង្គ្រោះជនជាតិចិន និងវាស់វែងនៅកន្លែងកើតហេតុរួចមកកម្លាំងសមត្ថកិច្ចជំនាញបានយកមធ្យោបាយបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ជាក្រោយ៕