ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែកុម្ភៈ ឆ្នាំ២០២៥ ជូនដល់លោកយាយ លោកតា ចំនួន ៧៥នាក់ នៅក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងម្នាក់ៗទទួលបានអង្ករ ២៥គីឡូរក្រាម និងថវិកា ១០០.០០០រៀល(មួយសែនរៀលគត់)។
សំរាប់មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណងជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ៕