(បន្ទាយមានជ័យ)៖នាចុងសប្ដាហ៍នេះ នៅវត្តមុនីហេមវ័ន ហៅវត្តតាវង ស្ថិតក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបុណ្យសិតព្រះពុទ្ធរូបធ្វើពីស្ពាន់រួម និងមាស ប្លាទីន ប្រាក់ លង្ហិន និងបុណ្យខួបគម្រប់១ឆ្នាំ ព្រះពុទ្ធទាន់ចិត្ត ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត ស៊ីថា ទីប្រឹក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រជាពុទ្ធបរិស័ទមកពីប្រទេសថៃ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីបានចូលរួម ពិធីសិតព្រះពុទ្ធរូប បានបុណ្យកុសលផលបុណ្យរៀងៗខ្លួន។
បើតាម គណៈកម្មការវត្តតាវង បានបញ្ជាក់ថា ការប្រារព្ធធ្វើបុណ្យ នាថ្ងៃនេះ សបញ្ជាក់ថា ឯកឧត្ដម លោកជំទាវ បងប្អូនយើងទាំងប្រជាជនខ្មែរ ទាំងប្រជាជនថៃ យើងពិតជាមានឧបនិស្ស័យ បុណ្យជ្រះថ្លា ក្នុងពុទ្ធសាសនា ជាមួយគ្នា យ៉ាងពិតប្រាកដ និង សូមបន្តស្មារតី ចិត្តជ្រះថ្លា សន្សំកុសលផលបុណ្យ បន្តជាមួយគ្នាបន្តទៀត ដើម្បីរួចផុតពីសេចក្ដី ហ្មងសៅ រួចផុតចាកទុក្ខ ទាំងឡាយ ទាំងពួងពីជាតិនេះ តទៅជាតិមុខ សូមឲ្យបានសុខ តាមបំណងប៉ងប្រាថ្នាគ្រប់ៗ គ្នា កុំបីអាក់ខានឡើយ។
ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត ស៊ីថា បានមានប្រសាសន៍ថា យើងទាំងអស់គ្នា កំពុង សប្បាយរីករាយ បានធ្វើបុណ្យជុំគ្នាទាំងប្រជាជនកម្ពុជា ទាំងប្រជាជនថៃ នាថ្ងៃនេះ គឺអាស្រ័យដោយប្រទេសជាតិយើង មានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចនេះ យើងទាំងអស់គ្នា ចូលរួមថែរក្សានៃសុខសន្តិភាពនេះឲ្យបាន។
ឯកឧត្ដម ឧត្ដមសេនីយ៍ រ៉េត សុីថា មានប្រសាសន៍បន្តថា៖ ស្ថានភាពទូទៅនៅក្នុងឆ្នាំ ២០២៤ និងឈានចូលឆ្នាំ ២០២៥ នេះ បានបង្ហាញឲ្យឃើញច្បាស់ថា ក្រោមកម្លាំងមហាសាមគ្គីជាតិជុំវិញ រាជរដ្ឋាភិបាល សន្តិសុខ ស្ថេរភាពនយោបាយ អធិបតេយ្យភាព និងបូរណភាពទឹកដី ត្រូវបានរក្សា ការការពារ យ៉ាងម៉ង់ចត់ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គមមានភាពរឹងមាំព្រមជាមួយ និងការធានា បាននូវស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច កត្តាទាំងអស់នេះ កាន់តែបានពង្រឹងមូលដ្ឋានគ្រឹះ និងជម្រុញដំណើរការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ការពង្រឹងនូវ លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ ព្រមទាំងបានការលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។ ចុងបញ្ចប់ នៃកម្មវិធីគណអធិបតី បានធ្វើការប្រគល់ បណ្ណថ្លែងអំណរគុណដល់សប្បុរសជន និងពិធីសិតព្រះពុទ្ធរូប នាឱកាសដ៍មហាឡារិកនេះផងដែរ៕