បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រៀម សុខា ឧត្ដមទីប្រឹក្សាផ្ទាល់ សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី អមព្រះរាជដំណើរ សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ក្នុងពិធីបើកផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ ផ្តោតលើប្រធានបទសំខាន់ៗ ដើម្បីតាមដាន និងត្រួតពិនិត្យ និងវាយតម្លៃលទ្ធផល នៃការអនុវត្តសង្ឃប្រកាសកន្លងទៅ និងការងារបច្ចុប្បន្នព្រមទាំងលើកទិសដៅការអនុវត្តបន្ត គាំទ្រលើប្រព័ន្ធសង្សាភិបាល ការប្រណិប័តន៍ ធម៌វិន័យ និងកិច្ចការព្រះពុទ្ធសាសនា លើឆាកអន្តរជាតិ និងពុទ្ធិកសិក្សា ដោយមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសលើចំណុចខ្លាំង និងចំណុចខ្សោយបញ្ហាប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា សកម្មភាពនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា កាន់តែល្អប្រសើរថែមទៀត ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ។
នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ ថា សាសនាជាប្រភពផ្ដល់គុណតម្លៃដ៏សំខាន់ ដែលមានឥទ្ធិពលលើរបបនយោបាយច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗ តែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះផងដែរ ដែលនេះជាអត្តសញ្ញាណ និងគុណតម្លៃរួមដឹកនាំជីវិតរបស់មនុស្ស នៅក្នុងសង្គមនីមួយៗធ្វើឱ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាពសមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នាអាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ។
ឯកឧត្ដម បន្តថា ការអប់រំតាមរយៈព្រះពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារៈ និង ស្មារតី ត្រូវតែមានតុល្យភាព និងល្បឿនស្មើគ្នា ហើយការស្វែងរកភាពមានបានខាងផ្នែកសម្ភារ: ត្រូវតែស្ថិតនៅក្នុងក្របខណ្ឌនៃច្បាប់ សមធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ។ ដូច្នេះវាពិតជាមានភាពចាំបាច់ និងបន្ទាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់សង្គម ដើម្បីពន្យល់ឱ្យមើលឃើញពីគុណតម្លៃ និងផលប្រយោជន៍នៃការប្រតិបត្តិតាមធម៌វិន័យ ការគោរពច្បាប់ ការលើកកម្ពស់សុជីវធម៌ មនុស្សធម៌ សីលធម៌ និង គុណធម៌។ ឯកឧត្ដម បញ្ជាក់ ថា ជាការពិតណាស់ថា គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល ។ មិនតែប៉ុណ្ណោះ ទ្រឹស្តីសាសនាក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និង ការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍ ទាំងលោកនេះ និង លោកខាងមុខផងដែរ។
សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ មានសង្ឃដីកាថា ពិធីបើកផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅខេត្តបន្ទាយមានជ័យ។ ហើយកន្លងមកធ្លាប់ធ្វើនៅតាមវត្តអារាម និងនៅអង្គរវត្តផងដែរ។ ការមកទទួលព្រះរាជសង្ឃប្រកាសនេះ កើតឡើង ដោយសទ្ធាជ្រះថ្លាគ្រប់ៗគ្នាទាំងអស់ ឥតមានកើតឡើងដោយការបង្ខិតបង្ខំនោះទេ គឺចង់មកជួយ បម្រើការងារក្នុងព្រះពុទ្ធសានា ក្នុងតួនាទីជាទីប្រឹក្សាផ្ទាល់ សម្ដេចនាយកព្រះមហាសង្ឃរាជ នៃគណៈ ធម្មយុត្តិកនិកាយ។ យើងដឹងហើយថា ព្រះពុទ្ធសាសនានៅកម្ពុជា គឺបានចាត់ទុកជាសាសនារបស់រដ្ឋ មានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ សាសនាព្រះពុទ្ធតំណាងដោយនិកាយពីរ គឺធម្មយុត្តិកនិកាយ និងមហានិកាយ។ សម្ដេចព្រះមហាសង្ឃរាជ សូមឱ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់នៅតាម ទីអារាមនានា រក្សាតម្លៃព្រះពុទ្ធសាសនាឱ្យមានសេចក្ដីថ្លៃថ្នូរ ចៀសវាងប្រតិបត្តិអ្វីខុសពីវិន័យសង្ឃ៕