ខេត្តត្បូងឃ្មុំ ៖ រថយន្តកូរ៉េមួយគ្រឿងចំណុះមួយតោនកន្លះ មានដឹកប្រេងសាំងនិងម៉ាស៊ូតពេញទ្រុងផ្នែកខាងក្រោយ បើកលើផ្លូវជាតិលេខ៧ ក្នុងទិសដៅពីលិចមកកើត ខណៈកំពុងបើកសុខៗក៏ស្រាប់តែឆាបឆេះតែម្ដងនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុចភូមិអំពុកឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា រថយន្តកូរ៉េមួយគ្រឿងដឹកប្រេងសាំងចំនួន១០កាន និងប្រេងម៉ាស៊ូតចំនួន៣០កាន ដោយបើកបរចេញពីចំណុចភូមិជីមាន់ជើង ដើម្បីដាក់ឲ្យម៉ូយនៅចំណុចភូមិអំពុក ស្របពេលដែលបើកពុំទាន់ដល់គោលដៅផង ភ្លើងបានឆាបឆេះនៅទ្រុងខាងក្រោយពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នានៅក្បែរនោះ ។ក្រោយនេះកើតហេតុស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងអធិការនគរបាលស្រុកពញាក្រែក យករថយន្តពន្លត់អគ្គិភ័យដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់។
គិតរហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែល រថយន្តកូរ៉េដែលឆេះនេះបានរលត់វិញជាស្ថាពរ ហើយត្រូវបានកម្លាំងនគរបាលស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុដែលរថយន្តនេះ ឆាបឆេះសង្ស័យមកពីជាប់ហ្វ្រាំងពេលបើករាងឆ្ងាយក្តៅទើបបណ្ដាលឱ្យឆេះយ៉ាងដូច្នេះ៕