(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ករណីហិង្សាដោយចេតនាកាលពីវេលាម៉ោង០៨ និង០០នាទីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កដោយជនសង្ស័យឈ្មោះ ព្រីង សូណា (ស្នា) ភេទប្រុស អាយុ៣៩ឆ្នាំ និងឈ្មោះ ហ៊ីម ពន្លឺ (ប៉ក់) ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះពីរនាក់ ១-ឈ្មោះ យឹម សំអៀង ភេទប្រុស អាយុ៤០ឆ្នាំ និង២–ឈ្មោះឈា ភក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវជាឪពុក និងកូនបង្កើត ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បណ្ដាលឱ្យររងរបួស(ធ្ងន់–ស្រាល) និងបានយកកាំបិតជំពុះទុងគំរាមទៅលើជនរងគ្រោះ ចំណែកជនរងគ្រោះឈ្មោះ ឈា ភក្ត្រា រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចាស្មីន ក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងចាប់យកវត្ថុតាង ដែកជំពុះទុងកែច្នៃ ប្រវែង២៨សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន សួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារឈ្លោះប្រកែកគ្នា រឿងពួកខ្លួននិយាយលក្ខណៈលេបខាយ (ញ៉ែ) ជាមួយនឹងកូននិងប្អូនស្រីរបស់ជនរងគ្រោះ ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បត៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕