ស្ទឹងត្រែង៖នាព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេនទីធ្លារសួនច្បារសាលាក្រុងស្ទឹងត្រែង រៀបចំពិធីប្រកាសជ័យលាភីជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្រោមអធិបតីភាពឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោក សៀ ហេង ប្រធានក្រុមប្រឹក្សាក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោក សាយ កុសល អភិបាលក្រុង លោកអភិបាលរងក្រុង លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រដ្ឋបាលឃុំ/សង្កាត់ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ នឹងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
នាឱកាសនោះលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង បានលើកឡើងពីស្ថានភាពទូទៅរបស់ក្រុងស្ទឹងត្រែង និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងក្រុម ការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការដៃគូរ មន្ត្រីរដ្ឋបាលក្រុង សមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងក្រុងស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធាន ក្នុងការចុះអនុវត្ត តួនាទីភារកិច្ច ដោយមិនខ្លាចនឿយហត់ ពុះពារគ្រប់ការលំបាក ក្នុងការផ្តល់សេវាប្រកបដោយ ប្រសិទ្ធភាព ស្មើភាព មិនប្រកាន់និន្នាការនយោបាយរហូតបានសម្រេចជាស្ថាពរទទួលបានជ័យលាភីជា ភូមិ សង្កាត់ និងក្រុង ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។
ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែបានថ្លែងថា កត្តាជោគជ័យ និងលទ្ធផលសម្រេចបាន ដ៏ត្រចេះត្រចង់នាពេលនេះ សបញ្ជាក់ឲ្យឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នាអាណត្តិទី៦កន្លងមក និងបន្តការអនុវត្តយុទ្ធសាស្ត្របច្ចកោណ ដំណាក់កាល ទី១ នៃរដ្ឋសភានីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធសាស្ត្រជាតិ ព្រមទាំងផែនការសកម្មភាព ខេត្ត ស្តីពីការងារផ្គត់ផ្គង់ទឹក និងលើកកម្ពស់អនាម័យជនបទ សំដៅបន្តលើកកម្ពស់ពង្រឹងសុខមាភាព អនាម័យបរិស្ថាន និងជីវិភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយសង្គតិភាព គុណភាព និងមាន ប្រសិទ្ធិភាពខ្ពស់ ។ក្នុងនោះឯកឧត្តមក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធ បន្តចូលរួមជាពហុវិស័យ កែលម្អអនាម័យ បរិស្ថាន ដោយត្រូវផ្លាស់ប្តូរទំលាប់ តាមរយៈការប្រើប្រាស់បង្គន់ឲ្យបានត្រឹមត្រូវ និងការទុកដាក់ ការញែកសំរាម ការបញ្ចេញសំរាមតាមពេលវេលាកំណត់ និងការលាងដៃ និងសាប៊ូឲ្យបានស្អាត ដើម្បីក្រុងស្ទឹងត្រែងមានភាពស្រស់ស្អាត បរិស្ថានល្អ និងដើម្បីសុខភាពរបស់យើងទាំងអស់គ្នា ជៀសវាងពីជំងឺឆ្លងផ្សេងៗ ផងដែរ៕