ខេត្តបន្ទាយមានជ័យ៖ករណីរំលោភនូវតែកើតមាន ហើយអំពើហិង្សានៅក្នុងគ្រួសារក៏នូវតែកើតមានតិចតួច។លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ធីវ សុខុម ដែលជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត។
លោកជំទាវ ធីវ សុខុម បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍និងធ្វើឲ្យស្ថានភាពសង្គមមានលក្ខណៈល្អប្រសើរ កុមារបានទទួលនូវការការពារ និងការគោរពសិទ្ធិទាំងបួនរបស់ពួកគេ គ្រួសារក្រីក្រ ងាយរងគ្រោះ ជនពិការ ជាពិសេសស្ត្រីនិងកុមារ ត្រូវបានរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ហើយគាំពារដល់មូលដ្ឋាន។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាល តែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីជួយដល់ស្ត្រីនិងកុមារឲ្យរួចផុតពីគ្រោះអត់ឃ្លាន អំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ចគ្រប់ទម្រង់ ឲ្យបានរស់នៅដោយសុខសុវត្ថិភាពនិងសុខដុមរមនា ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត និង ឯកឧត្ដម ពិន ប៉ូឡូ បានសម្តែងការកោតសរសើរដោយស្មោះចំពោះគណៈកម្មាធិការពិគ្រោះយោបល់ លើកិច្ចការស្ត្រីនិងកុមារនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរយៈកាលកន្លងមកបានអនុវត្តនូវតួនាទីភារកិច្ចការងារយ៉ាងមមាញឹកនិងខ្ជាប់ខ្ជួនបំផុត ធ្វើឲ្យស្ត្រីនិងកុមារគ្រួសារកុមារក្រីក្រ ងាយរងគ្រោះនៅមូលដ្ឋានទទួលបានការមើលថែ និងផ្តល់នូវអំណោយជាបន្តបន្ទាប់ ម្យ៉ាងវិញទៀត សូមអរគុណដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងអង្គការដៃគូនានា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ស្រី្តនិងកុមារ។ក្នុងកិច្ចប្រជុំនេះដែរអស់លោក លោកស្រី មន្ត្រីពាក់ព័ន្ធ បានឡើងធ្វើបទបង្ហាញស្ដីពីការងារលទ្ធផលការអនុវត្តរយៈកាលកន្លងមកលើកិច្ចការស្ត្រីនិងកុមារផងដែរ ៕