បន្ទាយមានជ័យ៖ សង្ស័យមានជម្ងឺបាក់ទឹកចិត្ត បុរសម្នាក់ឡើងលើដើមឈើបម្រុងលោតតែម្តាយយំអង្វរចុះវិញដោយសុវត្ថភាព ហេតុការណ៍នេះកើតឡើងឲ្យភ្ញាក់ផ្អើលទាំងព្រលឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកឃើញហេតុការណ៍ប្រាប់ថា៖ មានបុរសម្នាក់ឡើងដើមឈើកម្ពស់ជិត១០ម៉ែត្របម្រុងលោតសំលាប់ខ្លួនបង្កអោយមានការភ្ញាក់ផ្អើលហើយភ្លាមៗឃើញស្ត្រីចំណាស់ម្នាក់ត្រូវជាម្តាយបានអង្វរកូនអោយចុះវិញរយៈពេលជិតកន្លះម៉ោងទើបចុះពីលើចុងឈើដោយសុវត្ថិភាពដែលគេស្គាល់បុរសមានអាយុប្រមាណជាង២០ឆ្នាំ (មានមុខរបរលក់ចេកអាំង) រស់នៅក្នុង ភូមិកើតហេតុខាងលើ។
ស្ត្រីចំណាស់ម្នាក់ជាម្តាយបានប្រាប់ថា៖ កូនប្រុសរបស់គាត់គឺជាមនុស្សល្អរកស៊ីចិញ្ចឹមម្តាយមិនដែលទំនេររុញរទេះដើរលក់ចេកអាំង និងដំឡូង ពងមាន់ពងទា រាល់ថ្ងៃតែរយៈពេល២ទៅ៣ថ្ងៃនេះឃើញនៅស្ងៀមស្ងាត់មិនមានត់មិនក ដើរអង្គុយភ្លឹកៗដូចជាគ្មានស្មារតីក្នុងខ្លួន និងនិយាយប្លែកៗស្រាប់តែឡើងចុងឈើបម្រុងលោតសំលាប់ខ្លួន ទើបគាត់ដឹងបានមកអង្វរឲ្យចុះវិញមានអីនិយាយគ្នាបានតើ ម្តាយលួងលោមអង្វរថា “បើកូនស្លាប់ម្តាយចាស់ជរាបែបនេះ អ្នកណាមើលថែម្តាយទៅកូន ម្តាយពឹងលើតែកូនម្នាក់គត់ រកចិញ្ចឹម” អង្វរជិតកន្លៈម៉ោងទើបចុះរត់អោបម្តាយទាំងទឹកភ្នែកនាំទៅផ្ទះវិញ។
អ្នកជិតខាងបានបញ្ជាក់ថា៖បុរសម្នាក់នេះជាមនុស្សល្អចេះគិតពីគ្រួសាររកចិញ្ចឹមម្តាយចំណាស់ដោយដើរលក់ចេកអាំងនិងពងមាន់ទារាល់ថ្ងៃមិនដែលសម្រាកមិនដឹងមូលហេតុស្រាប់តែឡើងដើមឈើបម្រុងលោតសំលាប់ខ្លួនត្រូវម្តាយអង្វរ ក ទើបយល់ព្រមចុះវិញអាចមានវិបត្តិផ្លូវចិត្ត រឺមានអ្វីផ្សេង៕